អឌ្ឍចន្ទក្រហមអ៊ីរ៉ង់ (IRC) ឲ្យដឹងថា មនុស្សសរុបចំនួនយ៉ាងតិច ៥៥៥នាក់ ត្រូវបានសម្លាប់ នៅទូទាំងប្រទេសអ៊ីរ៉ង់ អំឡុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមកាលពី ២ថ្ងៃមុន។
តាមរយៈការបង្ហោះមួយ នៅលើកម្មវិធីផ្ញើសារ Telegram ក្រុមនេះបានឲ្យដឹងថា៖ «បន្ទាប់ពីការវាយប្រហារភេរវកម្មដោយអ៊ីស្រាអែល-អាមេរិក ដែលបានធ្វើឡើងនៅក្នុងតំបន់ផ្សេងៗនៃប្រទេសរបស់យើង ទីក្រុងចំនួន ១៣១ បានរងផលប៉ះពាល់រហូតមកដល់ពេលនេះ ហើយគួរឲ្យសោកសៅបំផុត ជនរួមជាតិរបស់យើងយ៉ាងតិច ៥៥៥នាក់ ត្រូវបានសម្លាប់»។
តួលេខទាំងនេះ មិនបានបែងចែកនោះឡើយ រវាងយោធា មេដឹកនាំ និងជនស៊ីវិល ដែលបានបាត់បង់ជីវិតអំឡុងការវាយប្រហារដោយកំណត់គោលដៅនេះ។
សាលា Shajareh Tayyebeh មានទីតាំងនៅទីក្រុង Minab ដែលជាមូលដ្ឋានយោធារបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមមួយនេះ ត្រូវបានវាយប្រហារកាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ក្នុងអំឡុងពេលវាយលុកទ្រង់ទ្រាយធំធ្វើឡើងរួមគ្នាដោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Tel Aviv។

ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងអ្នកស្រុក Minab។ លោកបានថ្កោលទោសការវាយប្រហារតាមអាកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយហៅការវាយប្រហារទាំងនោះថា «អមនុស្សធម៌» និងជាទង្វើព្រៃផ្សៃដែល «បន្ថែមទំព័រដ៏ខ្មៅងងឹតមួយទៀតទៅក្នុងប្រវត្តិសាស្ត្រនៃឧក្រិដ្ឋកម្មរាប់មិនអស់ដែលប្រព្រឹត្តដោយពួកឈ្លានពាន» ប្រឆាំងនឹងអ៊ីរ៉ង់។
លោក Pezeshkian បានជំរុញឱ្យមជ្ឈមណ្ឌលសង្គ្រោះ និងមណ្ឌលសុខភាពទាំងអស់ និងមន្ត្រីពាក់ព័ន្ធនៅក្នុងតំបន់ផ្តល់អាទិភាពដល់ «ការថែទាំភ្លាមៗ និងមិនមានការរំខាន» ដល់អ្នករងរបួស និងក្រុមគ្រួសាររបស់ពួកគេ ដោយការកៀរគរធនធានទាំងអស់៕



