ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអ៊ីស្រាអែល លោក Anatoly Viktorov បានប្រកាសក្នុងអំឡុងពេលផ្សាយពេលព្រឹកនៅលើកញ្ចក់ទូរទស្សន៍ Rossiya-24ថា រុស្ស៊ីបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាអ្នកសម្របសម្រួលក្នុងការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា។
លោក Viktorov បានថ្លែងថា៖«យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្របសម្រួលការសន្ទនា ដោយសារទំនាក់ទំនងរបស់យើងដែលបានបង្កើតឡើងជាមួយប្រទេសទាំងអស់នៅក្នុងតំបន់«។ លោកក៏បានរំលឹកផងដែរថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បានចូលរួមការសន្ទនាតាមទូរស័ព្ទជាច្រើនលើកជាមួយសមភាគីក្នុងតំបន់រួចហើយ។ លោកបាននិយាយថា៖«ជំហររបស់យើង គឺច្បាស់លាស់៖ អរិភាពត្រូវតែបញ្ឈប់ភ្លាមៗ ហើយកិច្ចខិតខំប្រឹងប្រែងទាំងអស់ គួរតែត្រូវបានដឹកនាំឆ្ពោះទៅរកការស្តារដំណោះស្រាយនយោបាយ និងការទូតឡើងវិញ»៕

