ក្រុមប្រដាប់អាវុធហេសបូឡារបស់លីបង់ បានសន្យាបំពេញតួនាទីរបស់ខ្លួនក្នុងការតតាំងជាមួយការឈ្លានពាន ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ ក្រុមសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់មួយនេះ បានសម្តែងមរណទុក្ខចំពោះលោក Khamenei ដែលត្រូវបានសម្លាប់ជាមួយក្រុមមេដឹកនាំអ៊ីរ៉ងផ្សេងទៀត នៅក្នុងការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីព្រឹកថ្ងៃសៅរ៍ ។

ក្រុមហេសបូឡា និយាយថា ការឈ្លានពានរបស់ឧក្រិដ្ឋជនអាមេរិក និងហ្សាអឺនអ៊ីស្រាអែល មានគោលដៅលើអាណាព្យាបាលរបស់ពួកយើង មេដឹកនាំរបស់ពួកយើង មេដឹកនាំជាតិលោក Khamenei(សូមឲ្យព្រលឹងរបស់លោកទៅឲ្យបានសេចក្តីសុខ) ជាមួយក្រុមមេដឹកនាំ ក្រុមមន្រ្តី និងកូនប្រុសគ្មានទោសកំហុសរបស់ពលរដ្ឋអ៊ីរ៉ង់ គឺជាឧក្រិដ្ឋកម្មមិនអាចប្រកែកបាន ។
ពួកគេបន្តថា ពួកយើងនឹងបំពេញតួនាទីរបស់ពួកយើង ក្នុងការតតាំងជាមួយការឈ្លានពានមួយនេះ ជំនឿចិត្តលើជ័យជំនះ ការណែនាំ និងការគាំទ្ររបស់ព្រះអល់ឡោះ មិនសំខាន់ថាត្រូវពលីច្រើនបែបណាទេ ពួកយើងនឹងមិនបោះបង់ចោលកិត្តិយស និងការតស៊ូ ឬការតតាំងជាមួយរបបផ្តាច់ការអាមេរិក និងក្រុមឧក្រិដ្ឋកម្មហ្សាអឺនអ៊ីស្រាអែលនោះឡើយ ដើម្បីការពារទឹកដីរបស់ពួកយើង សេចក្តីថ្លៃថ្នូររបស់ពួកយើង និងជម្រើសឯករាជ្យរបស់ពួកយើង ។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ ក្រុមហេសបូឡា ដែលប្រតិបត្តិការជាកងកម្លាំងប្រដាប់អាវុធឯករាជ្យនៅក្នុងទឹកដីលីបង់ ពុំទាន់បានចាត់វិធានការណាមួយឡើយលើទ្រព្យសកម្មរបស់អ៊ីស្រាអែ ឬសហរដ្ឋអាមេរិក ចាប់តាំងពីការវាយប្រហារចាប់ផ្តើមកាលពីថ្ងៃសៅរ៍ ។
ប្រធានាធិបតីលីបង់លោក Joseph Aoun និយាយកាលពីថ្ងៃអាទិត្យថា ការសម្រេចចិត្តលើសង្រ្គាម និងសន្តិភាព អាស្រ័យម្យ៉ាងគត់លើរដ្ឋលីបង់ ក្រោយជំនួបបន្ទាន់របស់ក្រុមប្រឹក្សាការពារកំពូល ៕
