ស្នងការដ្ឋាននគរបាលនៅទីក្រុងតេអេរ៉ង់ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហារតាមច្រកអាកាសលើរដ្ឋធានីប្រទេសអ៊ីរ៉ង់មួយនេះ ។
អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររលកថ្មីនៅទូទាំងអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យដែលជាថ្ងៃទី ២នៃការយុទ្ធនាការយោធារបស់ពួកគេ ដើម្បីផ្តួលរំលំរបបប្រទេសមួយនេះ ដែលបានធ្វើឲ្យតំបន់មជ្ឈិមបូព៌ា ធ្លាក់ក្នុងជម្លោះក្នុងតំបន់ថ្មីដោយគ្មានពេលវេលាច្បាស់លាស់ ឬលទ្ធផលនោះឡើយ ។

អំពើហិង្សាថ្មីកាលពីថ្ងៃអាទិត្យ បានកើតមានឡើង ស្របពេលវោហាសាស្រ្តដ៏ក្តៅគគុកពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ថា ការកើនឡើងភាពតានតឹងនឹងកើតមាន ក្នុងរយៈពេលប៉ុន្មានម៉ោង និងប៉ុន្មានថ្ងៃខាងមុខនេះ ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក នឹងវាយប្រហារអ៊ីរ៉ង់ជាមួយកម្លាំងពុំធ្លាប់មើលឃើញកាលពីមុន បើសិនជាទីក្រុងតេអេរ៉ង់ គំរាមសងសឹក ក្រោយការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ។
លោក Trump សរសេរនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គមថា លោក Khamenei ដែលជាមនុស្សអាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្ត បានស្លាប់ហើយ ៕
