រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បាននិយាយនៅថ្ងៃចន្ទ (ទី២ ខែមីនា ឆ្នាំ២០២៦) នេះថា ការវាយប្រហារដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ គួរតែត្រូវបានជជែកពិភាក្សាជាមុន ដោយសង្កត់ធ្ងន់ថា មានតែការចូលរួមជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ប៉ុណ្ណោះ ទើបការប្រើប្រាស់កម្លាំងបែបនេះអាចទទួលបានភាពស្របច្បាប់។
លោក Barrot បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «សិទ្ធិវេតូដែលប្រើប្រាស់ដោយសមាជិកអចិន្ត្រៃយ៍មួយចំនួននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានធ្វើឲ្យសកម្មភាពរួមជាប់គាំង សូម្បីតែពេលដែលត្រូវប្រើប្រាស់កម្លាំងចាំបាច់ ដើម្បីលើកកម្ពស់ច្បាប់ក៏ដោយ។ តែទោះជាយ៉ាងនេះក្តី អន្តរាគមន៍ដែលសម្រេចជាឯកតោភាគី ដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក សមនឹងមានការជជែកពិភាក្សា នៅក្នុងស្ថាប័នសមូហភាពដែលត្រូវបង្កើតឡើងសម្រាប់គោលបំណងនោះ»។

លោកបាននិយាយថា ការប្រើប្រាស់កម្លាំងបែបនេះ «អាចទទួលបានភាពស្របច្បាប់ចាំបាច់» លុះត្រាតែចូលរួមជាមួយក្រុមប្រឹក្សាសន្តិសុខ។ លោក Barrot បានគូសបញ្ជាក់ថា៖ «វាគឺជារឿងគួរឲ្យសោកស្តាយយ៉ាងខ្លាំងដែលស្ថានភាពនេះ មិនអាចដោះស្រាយបានក្នុងក្របខ័ណ្ឌនៃស្ថាប័នអន្តរជាតិ ជាស្ថាប័នតែមួយគត់ដែលអាចបង្កើតគ្រឹះសន្តិភាព និងស្ថិរភាពយូរអង្វែង»។
ជាមួយគ្នានេះ លោកក៏បានសម្តែងផងដែរនូវការគាំទ្រ និងសាមគ្គីភាពរបស់បារាំងជាមួយបណ្ដាប្រទេសក្នុងតំបន់ដែលរងផលប៉ះពាល់ដោយការវាយប្រហារសងសឹករបស់អ៊ីរ៉ង់។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ដោយបានសម្លាប់មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើននាក់ ក្នុងនោះរួមមានទាំងមេដឹកនាំកំពូល លោក Ayatollah Ali Khamenei ផងដែរ។ ទីក្រុងតេអេរ៉ង់បានសងសឹកដោយការវាយប្រហារដោយយានដ្រូន និងមីស៊ីលជាបន្តបន្ទាប់ ដែលកំណត់គោលដៅលើអ៊ីស្រាអែល និងធនធានសំខាន់ៗរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសឈូងសមុទ្រជាច្រើន៕

