ដោយដកស្រង់សម្តីមន្ត្រីអាមេរិក និងអ៊ីស្រាអែល សារព័ត៌មាន Axios បានរាយការណ៍ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានគ្រោងវាយប្រហារអ៊ីរ៉ង់ នៅ ១សប្តាហ៍មុននោះ ប៉ុន្តែបានពន្យារពេលប្រតិបត្តិការនេះ ដោយសារហេតុផលស៊ើបការណ៍សម្ងាត់ និងប្រតិបត្តិការមួយចំនួន ក្នុងនោះរួមទាំងលក្ខខណ្ឌអាកាសធាតុផងដែរ។

យោងតាមសារព័ត៌មាន Axios បានឲ្យដឹងថា បន្ទាប់ពីកិច្ចចរចាជុំទី២ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានបញ្ចប់ដោយគ្មានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ អ្នករៀបចំផែនការយោធាអាមេរិក និងអ៊ីស្រាអែល បានត្រៀមរួចជាស្រេច ដើម្បីធ្វើការវាយប្រហារ នៅថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ។
តែមន្ត្រីអាមេរិក និងអ៊ីស្រាអែល បានប្រាប់ថា បន្ទាប់មក ផែនការនោះត្រូវបានពន្យារពេល ដោយអាកាសធាតុមិនល្អ នៅក្នុងតំបន់នេះ ត្រូវបានលើកឡើងជាហេតុផលសំខាន់មួយ។
ប្រភពមួយទៀត បានឲ្យដឹងថា ការពន្យារពេលនេះត្រូវបានជំរុញជាចម្បងដោយភាគីអាមេរិក ហើយត្រូវបានផ្សារភ្ជាប់ទៅនឹងតម្រូវការ ដើម្បីឲ្យមានការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយកងកម្លាំងការពារជាតិអ៊ីស្រាអែល។
ប្រភពទាំងនេះបានផ្តល់ការពន្យល់ផ្សេងៗគ្នា អំពីមូលហេតុដែលកិច្ចចរចាការទូត បានបន្តរហូតដល់ពេលវេលាចុងក្រោយ៕


