ប្រភពឧស្សាហកម្ម បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនប្រេងរដ្ឋអារ៉ាប៊ីសាអ៊ូឌីត Aramco បានបិទរោងចក្រចម្រាញ់ប្រេង Ras Tanura របស់ខ្លួន ក្រោយរងការវាយប្រហារដោយយានដ្រូន នៅថ្ងៃទី ៣ នៃការវាយប្រហារនៅទូទាំងតំបន់ដោយទីក្រុងតេអេរ៉ង់ ជាការឆ្លើយតបនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ។
រោងចក្រចម្រាញ់ប្រេង Ras Tanura ស្ថិតនៅតំបន់ឆ្នេរឈូងសមុទ្រនៃរាជាណាចក្រមួយនេះ ស្ថិតក្នុងចំណោមរោងចក្រចម្រាញ់ប្រេងធំបំផុតនៅតំបន់មជ្ឈិមបូព៌ា ដែលមានសមត្ថភាពផលិតប្រេង ៥៥ម៉ឺនបារ៉ែល ក្នុង ១ថ្ងៃ ហើយនិងជាចំណតនាំចេញដ៏សំខាន់សម្រាប់ប្រេងឆៅអារ៉ាប៊ីសាអ៊ូឌីត ។

អ្នកនាំពាក្យក្រសួងការពារជាតិអារ៉ាប៊ីសាអ៊ូឌីត និយាយប្រាប់ទូរទស្សន៍ Al Arabiya ថា រោងចក្រចម្រាញ់ប្រេង Ras Tanura បានបិទជាវិធានការប្រុងប្រយ័ត្នទុកជាមុន ហើយស្ថានភាព ស្ថិតក្រោមការគ្រប់គ្រង ។ យានដ្រូន ២គ្រឿង ត្រូវបានបាញ់ស្កាត់នៅទីតាំងរោងចក្រ ហើយបំបែករបស់វា បណ្តាលឲ្យមានអគ្គិភ័យឆាបឆេះមានដែនកំណត់ ហើយគ្មានអ្នករងរបួសនោះទេ ។
ខណៈពេលនោះដែរ រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសហប្រតិបត្តិការរដ្ឋឈូងសមុទ្រអារ៉ាប់(GCC) បានប្រកាសបន្ទាប់ពីកិច្ចប្រជុំបន្ទាន់ថា អ៊ីរ៉ង់ត្រូវតែបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើបណ្តាប្រទេសឈូងសមុទ្រជាបន្ទាន់ ដោយសារការឈ្លានពានរបស់ពួកគេ គឺគ្មានហេតុផលនោះទេ ។
សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីទាំងនោះបញ្ជាក់ថា ទោះបីជាការពិតដែលថា បណ្តាប្រទេសនៃក្រុមប្រឹក្សា បានធានាម្តងហើយម្តងទៀតដល់អ៊ីរ៉ង់ថា ទឹកដីរបស់ពួកគេនឹងមិនត្រូវបានប្រើជាទីតាំងដាក់ជើងទម្របាញ់រ៉ុក្កែត ម្រាប់ការវាយប្រហារលើសាធារណរដ្ឋអ៊ិស្លាមក៏ដោយ ក៏ប្រទេសនេះនៅតែបន្តវាយប្រហាររដ្ឋឈូងសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ។ ការឈ្លានពាននេះ គឺមិនសមហេតុផល ហើយត្រូវតែបញ្ឈប់ជាបន្ទាន់ ដើម្បីស្តារសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ ៕
