នៅថ្ងៃចន្ទនេះ ប្រធានាធិបតីអ៊ីស្រាអែលលោក Isaac Herzog ជាមួយក្រុមអ្នកនយោបាយ បានធ្វើដំណើរទៅកាន់ទីតាំងដែលរងការវាយប្រហារពីមីស៊ីលអ៊ីរ៉ង់ ស្ថិតក្នុងទីក្រុង Beit Shemesh ។
សេវាកម្មរថយន្តគិលានសង្រ្គោះនិយាយថា ការវាយប្រហារនេះ បានសម្លាប់មនុស្សយ៉ាងហោច ៩នាក់ និងមនុស្ស ២៨នាក់ផ្សេងទៀត រងរបួស ។
អ៊ីស្រាអែល បានបើកការវាយប្រហារតាមច្រកអាកាសរលកថ្មីលើទីក្រុងតេអេរ៉ង់កាលពីថ្ងៃអាទិត្យ ហើយអ៊ីរ៉ង់ បានឆ្លើយតបវិញជាមួយនឹងការវាយប្រហារមីស៊ីល រយៈពេល ១ថ្ងៃ ក្រោយការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei ។

អ៊ីស្រាអែលបានសងសឹកជាមួយនឹងការវាយប្រហារដោយមីស៊ីលដែលភាគច្រើននៃមីស៊ីលទាំងនោះ ត្រូវបានបាញ់ស្កាត់ដោយប្រព័ន្ធការពារដែនអាកាស ។
ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយនិងការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ បានធ្វើឲ្យរង្គោះរង្គើដល់វិស័យជាច្រើន ចាប់ពីការដឹកជញ្ជូន រហូតដល់ការធ្វើដំណើរតាមផ្លូវអាកាស និងប្រេង ស្របពេលមានការព្រមានពីការកើនឡើងតម្លៃថាមពល និងការបង្អាក់ធុរកិច្ចនៅទូទាំងតំបន់ឈូងសមុទ្រ ផ្លូវទឹកយុទ្ធសាស្រ្ត និងមជ្ឈមណ្ឌលពាណិជ្ជកម្មសកល ។
នៅថ្ងៃនេះដែរ ក្រុមហ៊ុនប្រេងរដ្ឋអារ៉ាប៊ីសាអ៊ូឌីត Aramco បានបិទរោងចក្រចម្រាញ់ប្រេង Ras Tanura របស់ខ្លួន ក្រោយរងការវាយប្រហារដោយយានដ្រូន នៅថ្ងៃទី ៣ នៃការវាយប្រហារនៅទូទាំងតំបន់ដោយទីក្រុងតេអេរ៉ង់ ជាការឆ្លើយតបនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ៕
