ពលរដ្ឋជម្លៀសខ្លួន ស្វែងរកទីជម្រកនាថ្ងៃចន្ទនេះ នៅមាត់សមុទ្រ បន្ទាប់ពីការវាយប្រហារកាលពីយប់របស់អ៊ីស្រាអែលលើតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ។
អ៊ីស្រាអែលនិយាយថា ពួកគេបានវាយប្រហារលើទីតាំងរបស់ក្រុមហេសបូឡា ដែលស្ថិតក្នុងចំណោមសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីរ៉ង់ ក្រោយក្រុមមួយនេះ វាយប្រហារមីស៊ីល និងយានដ្រូនលើអ៊ីស្រាអែល ជាការសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei ។
ទីភ្នាក់ងារព័ត៌មានរដ្ឋលីបង់ NNA រាយការណ៍ថា មនុស្ស ៣១នាក់ ត្រូវបានសម្លាប់ និងមនុស្ស ១៤៩នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារនេះ ដែលអ៊ីស្រាអែលនិយាយថា មានគោលដៅលើតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូតគ្រប់គ្រងដោយក្រុមហេសបូឡា ។

អ៊ីស្រាអែលនិយាយថា ពួកគេបានវាយប្រហារផងដែរក្រុមជីវពលហេសបូឡា ។ មនុស្សបានរត់ភៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងដោយថ្មើរជើង និងរថយន្ត ។ ការផ្ទុះរាប់សិបលើក បានអង្រួនរដ្ឋធានីមួយនេះ ចាប់ពីវេលាម៉ោង ២ និង ៤០យប់រំលងអាធ្រាត្រ ម៉ោងក្នុងស្រុកថ្ងៃចន្ទនេះ រហូតមក ។
អ៊ីស្រាអែល និងក្រុមហេសបូឡា បានវាយប្រហារសងសឹកគ្នា បន្ទាប់ពីបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០២៤ ធ្វើឲ្យជម្លោះរីករាលដាលពេញតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ និងបង្អាក់ដល់ការធ្វើដំណើរតាមផ្លូវអាកាស ៕
