យោធាអ៊ីស្រាអែលបានឲ្យដឹងថា ខ្លួនបានចាប់ផ្តើម «ការវាយប្រហារទ្រង់ទ្រាយធំ» ថ្មី លើទីក្រុងតេអេរ៉ង់ នាថ្ងៃចន្ទ (ទី២ ខែមីនា ឆ្នាំ២០២៦) នេះ ខណៈដែលអ្នកកសែតរបស់សារព័ត៌មាន AFP បានរាយការណ៍ថា បានឮសំឡេងផ្ទុះខ្លាំងៗ នៅតំបន់កណ្តាល និងខាងកើតនៃរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់មួយនេះ។

នៅថ្ងៃទី៣ នៃប្រតិបត្តិការរួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ យោធាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «កងទ័ពអាកាសអ៊ីស្រាអែល ដោយមានការណែនាំពីចារកម្មអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារទ្រង់ទ្រាយធំបន្ថែមលើគោលដៅនៃរបបភេរវកម្មអ៊ីរ៉ង់ នៅចំណុចកណ្ដាលទីក្រុងតេអេរ៉ង់»។
យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការដាច់ដោយឡែកពីគ្នា នៅព្រឹកថ្ងៃចន្ទ បានឲ្យដឹងថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ បានសម្លាប់សមាជិកឆ្មាំបដិវត្តន៍ ៣នាក់ និងបុគ្គលិកយោធា ៥នាក់។
យោងតាមទីភ្នាក់ងារសារព័ត៌មាន ISNA បានឲ្យដឹងថា សេចក្តីថ្លែងការណ៍ផ្លូវការរបស់ IRGC (កងឆ្មាំបដិវត្តន៍ឥស្លាម) បានបញ្ជាក់ថា៖ «សមាជិក ៣នាក់នៃកងឆ្មាំបដិវត្តន៍ឥស្លាម ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារលើអង្គភាពតូចមួយ នៅខេត្ត Lorestan ភាគខាងលិច»។
ចំណែកទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់កងទ័ពថា «សមាជិក ៣នាក់នៃកងទ័ពអ៊ីរ៉ង់ ត្រូវបានសម្លាប់»៕

