ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានឲ្យដឹងនៅថ្ងៃចន្ទ (ទី២ ខែមីនា ឆ្នាំ២០២៦) នេះថា ប្រព័ន្ធការពារដែនអាកាសគុយវ៉ែត បានច្រលំបាញ់ទម្លាក់យន្តហោះចម្បាំង F-15 របស់អាមេរិកចំនួន ៣គ្រឿង ក្នុងអំឡុងពេលមានប្រយុទ្ធគ្នាយ៉ាងសកម្ម នៅថ្ងៃចន្ទនេះ ដោយពណ៌នាថា វាគឺជាឧប្បត្តិហេតុបាញ់ទម្លាក់ដោយអចេតនា ក្នុងអំឡុងពេលមានជម្លោះជាមួយអ៊ីរ៉ង់។
តែយ៉ាងណាក្ដី សមាជិកអាកាសយានិកទាំង ៦នាក់ដែលបានលោតចេញពីយន្តហោះដោយសុវត្ថិភាពនោះ ត្រូវបានជួយសង្គ្រោះ និងស្ថិតក្នុងស្ថានភាពមានស្ថិរភាព។ នេះបើយោងតាម CENTCOM។
CENTCOM បានបញ្ជាក់ថា៖ «ក្នុងអំឡុងពេលមានប្រយុទ្ធគ្នា ដែលរួមមានការវាយប្រហារពីយន្តហោះអ៊ីរ៉ង់ មីស៊ីលបាលីស្ទិក និងយានដ្រូន យន្តហោះចម្បាំងរបស់កងទ័ពអាកាសអាមេរិកត្រូវបានបាញ់ទម្លាក់ដោយអចេតនា ដោយប្រព័ន្ធការពារដែនអាកាសគុយវ៉ែត»។
ស្ថាប័ននេះបានឲ្យដឹងបន្ថែមថា គុយវ៉ែតបានទទួលស្គាល់ពីការមានហេតុការណ៍នេះ ហើយការស៊ើបអង្កេតកំពុងដំណើរការ។
គួរបញ្ជាក់ថា រូបភាពវីដេអូ បង្ហាញឲ្យឃើញយន្តហោះចម្បាំងអាមេរិក ១គ្រឿង ធ្លាក់យ៉ាងលឿនស្លេវពីលើមេឃ នៅប្រទេសគុយវ៉ែត នាព្រឹកព្រលឹមថ្ងៃចន្ទ ខណៈពេលដែលមនុស្សម្នាក់អាចត្រូវបានគេមើលឃើញកំពុងលោតឆ័ត្រយោង។ ទីតាំងនោះត្រូវបានផ្ទៀងផ្ទាត់ដោយសារព័ត៌មាន Reuters ថា ត្រូវបានថតបាន នៅក្នុងតំបន់ Al Jahra របស់គុយវ៉ែត៕