ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍នៅថ្ងៃចន្ទ (ទី២ ខែមីនា ឆ្នាំ២០២៦) នេះថា ឆ្មាំអ៊ីរ៉ង់បានឲ្យដឹងថា ពួកគេបានកំណត់គោលដៅការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងទីស្នាក់ការកណ្តាលរបស់មេបញ្ជាការកងទ័ពអាកាស។
អ្នកកាសែតរបស់សារព័ត៌មាន AFP បានរាយការណ៍ថា ការផ្ទុះថ្មីជាបន្តបន្ទាប់ ត្រូវបានឮនៅពីលើទីក្រុង Jerusalem នាថ្ងៃចន្ទនេះ បន្ទាប់ពីយោធាអ៊ីស្រាអែលបានប្រាប់ថា ខ្លួនបានប្រទះឃើញមីស៊ីលថ្មីៗដែលបាញ់ចេញពីអ៊ីរ៉ង់។
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រកាសនៅថ្ងៃចន្ទថា ពួកគេបានបាញ់មីស៊ីលវាយប្រហាររដ្ឋាភិបាលអ៊ីស្រាអែល នៅទីក្រុង Tel Aviv ក៏ដូចជាមជ្ឈមណ្ឌលសន្តិសុខ និងយោធា នៅទីក្រុង Haifa ហើយនិងការវាយប្រហារលើទីក្រុង Jerusalem ខាងកើត។
យ៉ាងណាក្ដី អ៊ីស្រាអែលឲ្យដឹងថា មិនមានអ្នករងរបួសនៅក្នុងការវាយប្រហារនោះទេ។ ទន្ទឹមនឹងនេះដែរ យោធាអ៊ីស្រាអែល បានប្រាប់បន្ថែមថា ខ្លួនកំពុងពង្រីកដំណើរការបិទគ្រឹះស្ថានអប់រំ និងកន្លែងធ្វើការរហូតដល់ម៉ោង ៨:០០យប់ ម៉ោងក្នុងស្រុក (ត្រូវនឹង ១៨:០០ ម៉ោងសកល) នៅថ្ងៃពុធ ខណៈដែលការវាយប្រហាររួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ បានឈានចូលដល់ថ្ងៃទី៣ ហើយ។
សេចក្តីថ្លែងការណ៍ពីយោធា បានឲ្យដឹងនៅថ្ងៃចន្ទនេះថា៖ «បន្ទាប់ពីមានការវាយតម្លៃថ្មី ក្នុងអំឡុងពេលមានជម្លោះជាមួយអ៊ីរ៉ង់នេះ ទីបញ្ជាការជួរមុខក្នុងប្រទេស (យោធាអ៊ីស្រាអែល) ឲ្យដឹងថា ការរឹតបន្តឹងដែលដាក់ទូទាំងប្រទេស នៅតែមិនផ្លាស់ប្តូររហូតដល់យប់ថ្ងៃពុធ។ ការជួបជុំ សកម្មភាពអប់រំ និងកន្លែងធ្វើការទាំងអស់ លើកលែងតែវិស័យសំខាន់ៗ នឹងនៅតែត្រូវបានហាមឃាត់»៕