អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទ (ទី២ ខែមីនា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា មន្ទីរពេទ្យមួយកន្លែង នៅក្នុងរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់ ត្រូវបានជម្លៀសចេញបន្ទាប់ពីមានការផ្ទុះនៅក្បែរនោះ ហើយថា ខ្លួនកំពុងធ្វើការផ្ទៀងផ្ទាត់របាយការណ៍ ដែលថា មជ្ឈមណ្ឌលវេជ្ជសាស្ត្រចំនួន ៣ផ្សេងទៀត នៅក្នុងប្រទេសនេះ ត្រូវបានវាយប្រហារ គិតចាប់តាំងពីមានការចាប់ផ្តើមនូវសង្គ្រាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។
ដោយសំដៅទៅលើមន្ទីរពេទ្យ Gandhi ក្នុងទីក្រុងតេអេរ៉ង់ អ្នកនាំពាក្យរបស់ WHO បាននិយាយថា៖ «យើងដឹងថា អ្នកជំងឺត្រូវបានផ្លាស់ចេញដោយសារតែមានការផ្ទុះនៅក្បែរនោះ ដែលបណ្តាលឲ្យមន្ទីរពេទ្យរងការខូចខាតដោយប្រយោល»។
សាក្សីបានប្រាប់សារព័ត៌មានកាលពីថ្ងៃទី១ ខែមីនាថា មន្ទីរពេទ្យនេះ ត្រូវបានរងគ្រោះដោយការវាយប្រហាររបស់អ៊ីស្រាអែល។ ជាមួយគ្នានេះ អ្នកនាំពាក្យរបស់ WHO បានបន្ថែមថា ខ្លួនកំពុងធ្វើការផ្ទៀងផ្ទាត់នូវរបាយការណ៍ ដែលបានចោទប្រកាន់ថា មានការធ្វើឲ្យខូចខាតដល់មន្ទីរពេទ្យ Motahari Hospital ក្នុងទីក្រុងតេអេរ៉ង់ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ នៅទីក្រុង Sarab ភាគពាយ័ព្យអ៊ីរ៉ង់ និងមួយទៀត នៅខេត្ត Hamadan ភាគខាងលិច។
WHO មានការិយាល័យប្រចាំប្រទេសមួយ នៅអ៊ីរ៉ង់ និងធ្វើការជាមួយរដ្ឋាភិបាល លើបញ្ហាគ្រាអាសន្នសុខភាព និងការគ្រប់គ្រងជំងឺ។ ស្ថាប័ននេះស្វែងរកការផ្ទៀងផ្ទាត់ការវាយប្រហារ លើប្រព័ន្ធសុខាភិបាលទូទាំងពិភពលោក ដោយមិននិយាយថា អ្នកណាត្រូវទទួលខុសត្រូវនោះឡើយ៕