ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៤ ខែមីនានេះ បានអនុញ្ញាតឲ្យលោក លីន បៃហ្វេង(Lin Bai Feng)ប្រធានក្រុមហ៊ុនHuawei ប្រចាំតំបន់ប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
លោក លីន បៃហ្វេងបានគោរពថ្លែងអំណរគុណជាអនេក ចំពោះសម្ដេចតេជោ ហ៊ុន សែន ចំពោះការគាំទ្រក្រុមហ៊ុនរបស់លោករយៈពេលជាង២៣ឆ្នាំកន្លងមក និងផ្ដល់នូវការទុកចិត្តដល់ក្រុមហ៊ុន អនុញ្ញាតឲ្យក្រុមហ៊ុនចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាទាំងក្នុងវិស័យសុខាភិបាលប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ និងលើវិស័យដទៃទៀត ។
លោក បានមានប្រសាសន៍ថា សេដ្ឋកិច្ចឌីជីថលនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងហើយកម្ពុជាមានការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាស្ទើរគ្រប់វិស័យ។
ក្នុងន័យនេះលោកបានគោរពនិងសុំការគាំទ្រពីសម្ដេចតេជោ ហ៊ុន សែន ចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មានវិទ្យាតាមរយៈការអភិវឌ្ឍធនធានមនុស្សនាំមកនូវបច្ចេកវិទ្យាចុងក្រោយបំផុតមកកម្ពុជានិងរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្ដាញព័ត៌មានវិទ្យានិងតភ្ជាប់រវាងប្រជាជននិងប្រជាជនប្រកបដោយសុវត្ថិភាពនិងអធិបតេយ្យភាព។
លោកក៏បានគោរពជូនសម្ដេចតេជោនូវគ្រឿងបរិក្ខារមានកុំព្យូទ័រចំនួនប្រាំរយគ្រឿង ក្នុងនោះមានដូចជាក្តាដែលអាចសរសេរបាន ក្តារដែលអាចបន្តភ្ជាប់ធ្វើការទំនាក់ទំនងតាមវីដេអូ Conference បានចំនួន១០០។
សម្ដេចតេជោក៏បានថ្លែងអំណរគុណជូនចំពោះលោក បៃ ហ្វេង ដែលកន្លងមកបានជូនកម្ពុជា នូវគ្រឿងបរិក្ខាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយនៅពេលនេះបានជូននូវគ្រឿងបរិក្ខារសម្រាប់ការតភ្ជាប់ប្រជុំតាមវីដេអូខន់ហ្វើរិនផង និងកុំព្យូទ័រផង។
សម្ដេចតេជោបានស្វាគមន៍ និងលើកទឹកចិត្តឱ្យលោកបន្តធ្វើការជាមួយឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តជួយបណ្តុះបណ្តាលធនធានមនុស្ស និងបន្តធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបានបច្ចេកវិទ្យាចុងក្រោយទំនើបធានាសុវត្ថិភាព និងអធិបតេយ្យភាពព័ត៌មានផង និងមានការប្រកួតប្រជែងលើពិភពលោកផង៕