នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី អញ្ជើញទៅសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅវត្តធម្មរង្សី សំពៅលូន ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៦ព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅមានពលរដ្ឋភៀសសឹកចំនួន៤៩.៣៣១នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ ។
រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសច្បាស់ៗថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា ហើយកម្ពុជាអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញ និងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់ រវាងកម្ពុជា-ថៃ ការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញានានាជាធរមាន ដើម្បីបញ្ចប់ភាពស្រពិចស្រពិលនៃខ្សែបន្ទាត់ព្រំដែន ដោយប្រជាជនស៊ីវិលអាចវិលត្រឡប់ទៅផ្ទះសំបែង រស់នៅដោយសុវត្ថិភាព គ្មានការគំរាមកំហែង ឬប្រើប្រាស់កម្លាំងដោយខុសច្បាប់៕




