យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានឲ្យដឹងថា មេបញ្ជាការម្នាក់នៅក្នុងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បាននិយាយថា ច្រកសមុទ្រ Hormuz ត្រូវបានបិទ ហើយបានព្រមានថា នាវាណាមួយដែលព្យាយាមឆ្លងកាត់នឹងត្រូវបានវាយប្រហារ។

លោក Ebrahim Jabari ទីប្រឹក្សាជាន់ខ្ពស់របស់អគ្គបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា «ច្រកសមុទ្រនេះត្រូវបានបិទ។ ប្រសិនបើនរណាម្នាក់ព្យាយាមឆ្លងកាត់ វីរបុរសនៃកងឆ្មាំបដិវត្តន៍ និងកងទ័ពជើងទឹក នឹងបាញ់កំទេចនៅទីនោះ»។ ទីក្រុងតេអេរ៉ង់ បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ការផលិតថាមពលរបស់ពិភពលោក ជាផ្នែកមួយនៃការសងសឹករបស់ខ្លួនចំពោះយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ និងបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងមន្ត្រីជាន់ខ្ពស់ដទៃទៀត។ លោក Jabbari បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញ Telegram របស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ថា «យើងក៏នឹងវាយប្រហារបំពង់បង្ហូរប្រេង ហើយក៏នឹងមិនអនុញ្ញាតឱ្យប្រេងសម្បីតែមួយដំណក់ចេញពីតំបន់នេះទេ។

លោកក៏ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការ បាននិយាយថា «ជនជាតិអាមេរិក ដែលមានបំណុលរាប់ពាន់ពាន់លានដុល្លារ ពឹងផ្អែកលើប្រេងនៅក្នុងតំបន់នេះ ពួកគេនឹងដឹងថា សូម្បីតែប្រេងមួយដំណក់ក៏មិនទៅដល់ពួកគេដែរ»។ ច្រកសមុទ្រ Hormuz ដែលស្ថិតនៅចន្លោះប្រទេសអ៊ីរ៉ង់ និងអូម៉ង់ គឺជាផ្លូវដឹកជញ្ជូនប្រេងសំខាន់បំផុតមួយរបស់ពិភពលោកដោយមានការផ្គត់ផ្គង់ប្រេងសកលប្រហែល២០ភាគរយឆ្លងកាត់ច្រកនេះ។ ការរំខានណាមួយនៅទីនោះ នឹងធ្វើឱ្យតម្លៃប្រេងឆៅកើនឡើងបន្ថែមទៀត និងបង្កើនការព្រួយបារម្ភពីការកើនឡើងជម្លោះក្នុងតំបន់។ តម្លៃថាមពល បានកើនឡើងយ៉ាងខ្លាំងរួចទៅហើយកាលពីថ្ងៃចន្ទ ដោយសារតែការរំខានដល់ចរាចរណ៍នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ និងការខូចខាតដល់រោងចក្រផលិត ដែលបានបង្កើនភាពមិនប្រាកដប្រជាអំពីរបៀបនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់នឹងប៉ះពាល់ដល់ការផ្គត់ផ្គង់ដល់សេដ្ឋកិច្ចពិភពលោក។