ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា បារាំងនឹងបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួន និងអនុញ្ញាតឱ្យមានការដាក់ពង្រាយយន្តហោះបំពាក់នុយក្លេអ៊ែររបស់ខ្លួនជាបណ្តោះអាសន្នទៅកាន់ប្រទេសអឺរ៉ុបចំនួន៨ប្រទេស ដើម្បីជំរុញសន្តិសុខនៅទ្វីបនេះ។

សុន្ទរកថារបស់លោកនៅឯមូលដ្ឋាននាវាមុជទឹកបំពាក់នុយក្លេអ៊ែរ Ile Longue របស់ប្រទេសបារាំង កាលពីថ្ងៃចន្ទ បានណែនាំគំនិតនៃ «ការទប់ស្កាត់កម្រិតខ្ពស់» ជាទំនាក់ទំនងសន្តិសុខនុយក្លេអ៊ែរកាន់តែស៊ីជម្រៅ និងមានរចនាសម្ព័ន្ធ ជាមួយដៃគូសំខាន់ៗនៅអឺរ៉ុប ដែលលោកបាននិយាយថា មានលក្ខណៈខុសប្លែក ប៉ុន្តែបំពេញបន្ថែមដល់ការរៀបចំនុយក្លេអ៊ែររបស់សម្ព័ន្ធយោធាណាតូ។

សុន្ទរកថារបស់លោក Macron ត្រូវបានកំណត់ពេល នៅមុនជម្លោះកាន់តែរាលដាលនៅមជ្ឈិមបូព៌ា ក្នុងបំណងបំបាត់ការព្រួយបារម្ភអំពីសន្តិសុខនៅអឺរ៉ុប ក្នុងពេលមានភាពតានតឹងកើតឡើងវិញជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការឈ្លានពានរបស់រុស្ស៊ី ក្នុងពេលសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ លោក Macron និយាយថា «យើងត្រូវតែពង្រឹងការទប់ស្កាត់នុយក្លេអ៊ែររបស់យើង ក្នុងការប្រឈមទៅនឹងការគំរាមកំហែងជាច្រើន ហើយយើងត្រូវតែពិចារណាយុទ្ធសាស្ត្រទប់ស្កាត់នៅក្នុងទ្វីបអឺរ៉ុប ដោយគោរពយ៉ាងពេញលេញចំពោះអធិបតេយ្យភាពរបស់យើង»។ លោកប្រធានាធិបតី បានថ្លែងនៅក្នុងសុន្ទរកថារបស់លោកថា «រក្សាឯករាជ្យនិងសន្តិសុខ ក្នុងពេលពិភពលោកជួបការប្រកួតប្រជែង»។ លោកបាននិយាយថា ប្រទេសអឺរ៉ុបទាំងប្រាំបីដែលបានព្រមព្រៀងចូលរួមក្នុងគម្រោងរបស់លោក Macron រួមមានអាល្លឺម៉ង់ អង់គ្លេស ប៉ូឡូញ ហូឡង់ បែលហ្ស៊ិក ក្រិក ស៊ុយអែត និងប្រទេសដាណឺម៉ាក។ ពួកគេនឹងអាចទទួល «កងកម្លាំងទ័ពអាកាសយុទ្ធសាស្ត្រ» របស់បារាំង ដែលនឹងអាច «រាលដាលពាសពេញទ្វីបអឺរ៉ុប»។