សហជីពដ៏មានឥទ្ធិពលនៅប្រទេសអាហ្សង់ទីន គឺសហព័ន្ធការងារទូទៅ (CGT) បានដាក់ពាក្យបណ្តឹងផ្លូវច្បាប់កាលពីថ្ងៃចន្ទ ទី២ ខែមីនា ប្រឆាំងនឹងច្បាប់កំណែទម្រង់ការងាររបស់រដ្ឋាភិបាល ដែលមិនទាន់ត្រូវបានប្រកាសឱ្យប្រើប្រាស់ដោយស្ថាប័នប្រតិបត្តិនៅឡើយ។

ការដាក់ពាក្យបណ្តឹងនេះ ត្រូវបានអមដោយការជួបជុំដែលរៀបចំដោយសហជីពនៅខាងមុខតុលាការកំពូលរបស់ប្រទេសអាហ្សង់ទីន ក្រោមពាក្យស្លោកថា «ការពារការងារ មានន័យថាការពាររដ្ឋធម្មនុញ្ញ»។ នៅក្នុងការតវ៉ា វាគ្មិនសហព័ន្ធការងារទូទៅម្នាក់ដែលមិនស្គាល់អត្តសញ្ញាណបាននិយាយថា កំណែទម្រង់ការងារបង្ហាញពី «ការរំលោភបំពានធ្ងន់ធ្ងរលើសិទ្ធិសមូហភាព និងសិទ្ធិបុគ្គល ដែលរំលោភយ៉ាងច្បាស់លាស់លើគោលការណ៍រដ្ឋធម្មនុញ្ញ»។

សេចក្តីស្នើច្បាប់កំណែទម្រង់នេះ ត្រូវបានអនុម័តដោយព្រឹទ្ធសភាកាលពីថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ដោយផ្តល់ការអនុញ្ញាតចុងក្រោយដើម្បីក្លាយជាច្បាប់ និងធ្វើឱ្យមេដឹកនាំសេរីនិយមរូបនេះ ទទួលបានជោគជ័យសំខាន់បំផុតរបស់លោក។
ច្បាប់នេះត្រូវបានរដ្ឋបាលរបស់លោកប្រធានាធិបតី Javier Milei ផ្សព្វផ្សាយថាជាមធ្យោបាយមួយដើម្បីទាក់ទាញការវិនិយោគ និងជំរុញការងារផ្លូវការ។ ទោះជាយ៉ាង សហជីពអះអាងថា ច្បាប់នេះធ្វើឱ្យប៉ះពាល់ដល់ការការពារកម្មករ រួមទាំងសិទ្ធិធ្វើកូដកម្មផងដែរ។