អាមេរិក៖ ប្រមុខយោធាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា កូរ៉េខាងជើងអាចនឹងចាប់ផ្ដើមការបាញ់សាកល្បង មីស៊ីលអន្តរទ្វីបបាលីស្ទីកដែលទើបចេញគំរូថ្មី នៅក្នុងពេលដ៏ខ្លីខាងមុខ។
លោកឧត្ដមសេនីយ៍យោធា Glen VanHerck បានប្រាប់គណៈកម្មការយោធាព្រឹទ្ធសភាពថា របបកូរ៉េខាងជើងក៏បានចង្អុលបង្ហាញផងដែរថា ខ្លួនលែងជាប់គំនាបផ្អាកការសាកល្បង នុយក្លេអ៊ែរ និង ICBM ជាឯកតោភាគីដែលបានប្រកាសកាលពីឆ្នាំ២០១៨ នោះទៀតហើយ ដោយលើកឡើងថា លោក Kim Jong Un អាចបាញ់បង្ហោះមីស៊ីលអន្តរទ្វីប ICBM ដែលទើបផលិតរួចនៅក្នុងពេលឆាប់ៗខាងមុខនេះ។ កាលពី ៣ឆ្នាំមុនកូរ៉េខាងជើងធ្លាប់បានសន្យាផ្អាកជាឯកតោភាគី ក្នុងការសាកល្បងមីស៊ីល ICBM និងអាវុធនុយក្លេអ៊ែរ។ មន្ត្រីក្រសួងការពារជាតិអាមេរិកមួយរូប បានប្រាប់ស្ថានីយទូរទស្សន៍ NBC News ថា សហរដ្ឋអាមេរិកដឹងពីការបង្កើនសកម្មភាពរថយន្ត នៅទីតាំងមួយជាទីដែលធ្លាប់មានប្រវត្តិបាញ់មីស៊ីល។
មន្ត្រីរូបនោះពុំបានគូសបញ្ជាក់ពីការ ចង្អុលបង្ហាញកម្រិតនៃការបាញ់នោះទេ។ ហើយសហរដ្ឋអាមេរិកកំពុងបន្តតាមដាន ស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់។ គួរឲ្យដឹងថា ការលើកឡើងពីការប៉ាន់ប្រមាណថា កូរ៉េខាងជើងអាចនឹងបាញ់មីស៊ីលមានឡើង ខណៈដែលរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានទៅដល់ទឹកដីកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ ដើម្បីពិភាក្សាពីបញ្ហាទ្វេភាគី និងក្ដីបារម្ភសកល ដូចជាបញ្ហាកូរ៉េខាងជើង និងការផ្ទេរការគ្រប់គ្រងប្រតិបត្តិការក្នុងពេលសង្គ្រាមជាដើម៕
អត្ថបទ៖ សុខមាន