មន្ត្រីអាមេរិកពីររូបបានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃចន្ទ (២ មីនា) ថា កងម៉ារីនអាមេរិក បានបើកការបាញ់ប្រហារលើក្រុមបាតុករ ក្នុងអំឡុងភាពវឹកវរនៃការសម្រុកចូលស្ថានកុងស៊ុលអាមេរិក ក្នុងទីក្រុងការ៉ាជី កាលពីចុងសប្តាហ៍មុន ជាការប្រើប្រាស់កម្លាំងដ៏កម្រនៅប៉ុស្តិ៍ការទូត ដែលអាចបង្កើនភាពតានតឹងយ៉ាងខ្លាំងនៅក្នុងប្រទេសប៉ាគីស្ថាន ស្របពេលមានការតវ៉ាយ៉ាងទូលំទូលាយ ជុំវិញការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់។

គួរឱ្យដឹងថា មនុស្សមួយចំនួនត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ នៅពេលក្រុមបាតុករបានទម្លុះជញ្ជាំងខាងក្រៅនៃបរិវេណស្ថានកុងស៊ុល ក្រោយការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ក្នុងការវាយប្រហារលើអ៊ីរ៉ង់។ ប៉ាគីស្ថានគឺជាជម្រករបស់សហគមន៍និកាយស៊ីអ៊ីត ធំជាងគេទីពីរក្នុងពិភពលោកបន្ទាប់ពីអ៊ីរ៉ង់។ កាលពីថ្ងៃចន្ទ ប៉ាគីស្ថានបានហាមឃាត់ការជួបជុំធំៗទូទាំងប្រទេស បន្ទាប់ពីការតវ៉ាជុំវិញការវាយប្រហារលើអ៊ីរ៉ង់បានរីករាលដាល ដោយមានមនុស្ស ២៦ នាក់ ត្រូវរាយការណ៍ថាបានស្លាប់នៅទូទាំងប្រទេស។
ដោយលើកឡើងពីព័ត៌មានដំបូង មន្ត្រីអាមេរិកទាំងពីររូបនោះនិយាយថា គេមិនច្បាស់ឡើយថា តើគ្រាប់កាំភ្លើងដែលបាញ់ដោយកងម៉ារីន បានវាយប្រហារ ឬសម្លាប់នរណាម្នាក់នោះទេ ហើយក៏មិនច្បាស់ដែរថា តើមានការបាញ់ប្រហារដោយអ្នកផ្សេងទៀតដែលការពារបេសកកម្មការទូតនោះឬយ៉ាងណាឡើយ រួមទាំងឆ្មាំសន្តិសុខឯកជន និងនគរបាលក្នុងតំបន់។
នេះគឺជាការបញ្ជាក់ដំបូងបំផុតដោយមន្ត្រីអាមេរិក ដែលថា កងម៉ារីនបានពាក់ព័ន្ធនឹងការបាញ់ប្រហារលើក្រុមបាតុករ។ អ្នកនាំពាក្យរដ្ឋាភិបាលខេត្តរបស់ប៉ាគីស្ថាន លោក Sukhdev Assardas Hemnani បាននិយាយថា បុគ្គលិក «សន្តិសុខ» បានបើកការបាញ់ប្រហារ ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ៗនោះទេ៕


