World Cup 2026 ដែលរៀបចំឡើងនៅលើទឹកដីប្រទេសចំនួនបី សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា នឹងជាព្រឹត្តិការណ៍ដំបូងដែលត្រូវបានពង្រីកឱ្យមានក្រុមចូលរួម ៤៨ ក្រុម និងមានសរុបដល់ទៅ ១០៤ ប្រកួត។
ប្រទេសកាណាដានឹងទទួលការប្រកួតចំនួន ១៣ ក្នុងនោះមាន ១០ ប្រកួតនៅក្នុងវគ្គវិលជុំក្នុងពូលនៅទីក្រុងចំនួនពីរគឺ Vancouver និង Toronto។
ប្រទេសម៉ិកស៊ិកនឹងទទួលការប្រកួតចំនួន ១៣ ក្នុងនោះក៏មាន ១០ ប្រកួតនៅក្នុងពូលដែរនៅទីក្រុងចំនួនបីរួមមាន រដ្ឋធានី Mexico City, Guadalajara និង Monterrey។
ក្រៅពីនោះ ការប្រកួតដែលនៅសេសសល់សុទ្ធតែត្រូវរៀបចំនៅលើទឹកដីអាមេរិក។
World Cup 2026 នឹងចេញដំណើរប្រកួតបើកឆាកនៅកីឡដ្ឋាន Estadio Azteca ទីក្រុង Mexico City ប្រទេសម៉ិកស៊ិក និងត្រូវក្លាយជាកីឡដ្ឋានដំបូងរៀបចំការប្រកួតបើកឆាក World Cup ដល់ទៅបីលើក។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១៩ ខែកក្កដានឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន MetLife រដ្ឋ New Jersey សហរដ្ឋអាមេរិក។
កីឡដ្ឋានវគ្គផ្តាច់ព្រ័ត្រ MetLife នេះ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ផ្លូវការនៅឆ្នាំ ២០១០ ផ្ទុកទស្សនិកជនបានសរុប ៨២៥០០ នាក់ ធ្លាប់ទទួលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa America Centenario នៅឆ្នាំ ២០១៦ នៅពេលស៊ីលីយកឈ្នះអាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី។
ដោយឡែកសម្រាប់កីឡដ្ឋានផ្សេងទៀត សុទ្ធតែជាកីឡដ្ឋានប្រើប្រាស់សម្រាប់ការប្រកួតក្របខណ្ឌ NFL និង Major league Soccer រួមមាន នៅទីក្រុង Atlanta, Charlotte, Cincinnati, Los Angeles, Miami, Nashville, Philadelphia, Seattle, Washington និងកីឡដ្ឋានចំនួនពីរទៀតនៅទីក្រុង Orlando៕ អត្ថបទ៖នាង សុភាវុធ


