យោងតាមទិន្នន័យពីស្ថាប័ន LSEG បានបង្ហាញថា តម្លៃជួលនាវាដឹកប្រេងខ្នាតយក្ស (Supertanker) ដើម្បីដឹកជញ្ជូនប្រេងពីមជ្ឈិមបូព៌ា ទៅប្រទេសចិន បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ពោលគឺត្រូវចំណាយលើសពី ៤០ម៉ឺនដុល្លារអាមេរិក ក្នុងមួយថ្ងៃ។ កំណើននេះកើតឡើងស្របពេលជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ កាន់តែខ្លាំងក្លាឡើងដោយគ្មានសញ្ញាបញ្ចប់ និងស្របពេលទីក្រុងតេអេរ៉ង់ បានព្រមានកំណត់គោលដៅវាយប្រហារលើនាវាណាក៏ដោយដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។

ការដឹកជញ្ជូនតាមច្រកសមុទ្ររវាងអ៊ីរ៉ង់ និងអូម៉ង់ ដែលជាផ្លូវដឹកជញ្ជូនប្រេងប្រហែល ១ភាគ៥ នៃពិភពលោក រួមទាំងឧស្ម័នក្នុងបរិមាណដ៏ច្រើនផងនោះ បានឈានដល់ការផ្អាកស្ទើរតែទាំងស្រុង បន្ទាប់ពីនាវានៅក្នុងតំបន់នោះ ត្រូវបានវាយប្រហារជាគោលដៅសងសឹករបស់អ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

អត្រាថ្លៃឈ្នួលគោលសម្រាប់នាវាដឹកប្រេងឆៅខ្នាតធំ (VLCCs) នៅលើផ្លូវនេះ ឬហៅថា TD3 បានកើនឡើងដល់កម្រិត W419 លើរង្វាស់ឧស្សាហកម្ម Worldscale គិតត្រឹមថ្ងៃចន្ទ ទី២ ខែមីនា ឬស្មើនឹងតម្លៃ ៤២៣.៧៣៦ ដុល្លារ ក្នុងមួយថ្ងៃ។
តម្លៃនេះបានកើនឡើងទ្វេដងធៀបនឹងថ្ងៃសុក្រសប្ដាហ៍មុន និងបន្តកើនឡើងពីកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ឆ្នាំកាលពីសប្តាហ៍មុន បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារលើអ៊ីរ៉ង់ និងបានសម្លាប់មេដឹកនាំកំពូល លោក Ayatollah Khamenei កាលពីថ្ងៃសៅរ៍កន្លងទៅ។ ជាការសងសឹក អ៊ីរ៉ង់បានវាយប្រហារលើបណ្តាប្រទេសក្នុងឈូងសមុទ្រ ដែលនាំឱ្យមានការបិទរោងចក្រប្រេង និងឧស្ម័នជាបណ្តោះអាសន្ននៅទូទាំងមជ្ឈិមបូព៌ា ដើម្បីបង្ការគ្រោះថ្នាក់៕