ក្រុមអ្នកជំនាញបានលើកឡើងថា ការវាយប្រហារយោធារបស់អាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ នឹងកាន់តែជំរុញមហិច្ឆតានុយក្លេអ៊ែររបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ខណៈការចាប់អារម្មណ៍ កំពុងផ្ដោតលើសំណួរថា តើលោក គីម អាចនឹងត្រលប់មកចរចាជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ វិញដែរឬទេ។

កិច្ចពិភាក្សាដើម្បីដោះស្រាយបញ្ហាឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់ទីក្រុងព្យុងយ៉ាង បានជាប់គាំង បើទោះបីជាមានជំនួបកំពូលជាច្រើនរវាងលោក គីម និងលោក ត្រាំ ក៏ដោយ ប៉ុន្តែអ្នកជំនាញគិតថា ការវាយប្រហារលើអ៊ីរ៉ង់ អាចជំរុញឱ្យកូរ៉េខាងជើងពិចារណាឡើងវិញ ខណៈក៏មានមតិផ្ទុយពីនេះផងដែរ។
អ្នកជំនាញមកពីវិទ្យាស្ថានកូរ៉េខាងត្បូង បាននិយាយថា៖ «ខុសពីអ៊ីរ៉ង់ ការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង គឺមិនអាចទៅរួចនោះទេ» ដោយលើកឡើងពីការដាក់ពង្រាយទីតាំងនុយក្លេអ៊ែរនៅរាយប៉ាយពេញកូរ៉េខាងជើង។ អ្នកជំនាញផ្សេងទៀតនិយាយថា «លោក គីម ប្រាកដជាគិតថា អ៊ីរ៉ង់ត្រូវបានគេវាយប្រហារបែបនេះ ក៏ព្រោះតែពួកគេមិនមានអាវុធនុយក្លេអ៊ែរ» ហើយថា ការបន្តកិច្ចចរចាជាមួយអាមេរិក មិនមែនជាអាទិភាពចម្បងសម្រាប់លោក គីម នោះទេ។
ការប៉ាន់ស្មានរបស់វិទ្យាស្ថានស្តុកខុម (SIPRI) កាលពីឆ្នាំមុនបានឱ្យដឹងថា គេជឿថាកូរ៉េខាងជើង បានដំឡើងក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៥០គ្រាប់ និងមានសារធាតុវិទ្យុសកម្មគ្រប់គ្រាន់ដើម្បីផលិតបានដល់ទៅ ៤០គ្រាប់ បន្ថែមទៀត។
ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការវាយប្រហារអ៊ីរ៉ង់ លោក គីម បានប្តេជ្ញាបង្កើតអាវុធនុយក្លេអ៊ែរបន្ថែមទៀត ប៉ុន្តែលោកក៏ទុកឱកាសសម្រាប់ការចរចាផងដែរ អាស្រ័យលើឥរិយាបថរបស់អាមេរិក។ លោក ត្រាំ បានថ្លែងដដែលៗថា លោកចង់ឱ្យមានការចរចាថ្មី ដែលនាំឱ្យមានការរំពឹងទុកថា មេដឹកនាំទាំងពីរអាចនឹងជួបគ្នា នៅពេលដែលលោក ត្រាំ ធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ខាងមុខនេះ៕

