កាយវប្បកម្ម៖ លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានបង្ហាញពីគោលដៅក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាម ដោយប្ដេជ្ញាដណ្ដើមមេដាយប្រាក់ ឬមេដាយមាសឲ្យបានយ៉ាងហោច ១គ្រឿង ដើម្បីក្ដោបឱកាសបានចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជានាឆ្នាំ២០២៣ បន្ដទៀត។

ការលើកឡើងនេះ បន្ទាប់ពីសហព័ន្ធបាននឹងកំពុងខិតខំជំរុញ និងយកចិត្តទុកដាក់លើការហ្វឹកហាត់របស់ក្រុមកីឡាករកាយវប្បកម្មជម្រើសជាតិកម្ពុជា ដែលសហព័ន្ធត្រៀមកីឡាករ ៤រូបដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍ប្រចាំតំបន់នៅវៀតណាមចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខ ដែលត្រូវប្រកួតលើ ២វិញ្ញាសាគឺមានវិញ្ញាសា Athletic Physiqe និងវិញ្ញាសា Bodybuilding។ លោក ចាប វ៉ាន់នី គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាកាយវប្បកម្មកម្ពុជាបានបន្ថែមថា មកទល់ពេលនេះកីឡាករកាយវប្បកម្មកម្ពុជាបានត្រៀមខ្លួនរួចរាល់ ដើម្បីបង្ហាញខ្លួនក្នុងស៊ីហ្គេមនៅវៀតណាម ហើយពួកគេបានបង្ហាញនូវក្ដីសង្ឃឹមខ្ពស់ក្នុងការឈានទៅ ប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ។
ចំពោះកីឡាករជម្រើសជាតិ ៤រូបដែលកំពុងសម្រុកហ្វឹកហាត់ និងពង្រឹងសមត្ថភាពត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមនាខែឧសភាខាងមុខ រួមមានកីឡាករ កែវ សំណាង, ត្រីង ចាន់ ត្រូវប្រកួតវិញ្ញាសា Athletic Physiqe ក្នុងទម្ងន់ ៨១គីឡូក្រាម។ រីឯ ២រូបទៀតគឺមានកីឡាករ អ៊ិត សុធា និងកីឡាករ អ៊ុន បូរ៉ាត់ ដែលត្រូវប្រកួតលើវិញ្ញាសា Bodybuilding ក្នុងទម្ងន់ ៨០គីឡូក្រាម និង ៨៥គីឡូក្រាម៕
អត្ថបទ៖ លី ឈុនឡា