មន្ត្រីរដ្ឋាភិបាលម្នាក់ បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សចំនួន ១៦៩នាក់ ត្រូវបានសម្លាប់ និង ៦៨នាក់ ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហារថ្មីៗនេះដោយយុវជនប្រដាប់អាវុធមួយក្រុម នៅក្នុងតំបន់ Abiemnom ដែលជាតំបន់រដ្ឋបាល Ruweng របស់ប្រទេសស៊ូដង់ខាងត្បូង។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បច្ចេកវិទ្យាទំនាក់ទំនង និងសេវាប្រៃសណីយ៍ លោក Ateny Wek Ateny បាននិយាយថា អ្នកដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពីថ្ងៃអាទិត្យ រួមមានទាំងជនស៊ីវិល និងសមាជិកនៃក្រុមអនុវត្តច្បាប់។

លោករដ្ឋមន្ត្រី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«បន្ទាប់ពីការវាយប្រហារនេះ រដ្ឋាភិបាលបានបញ្ជាក់ពីការស្លាប់របស់ស្នងការតំបន់ រួមជាមួយនាយកប្រតិបត្តិនៃតំបន់ Abiemnom។ យើងក៏បានទទួលរបាយការណ៍ថា មនុស្សចំនួន ១៦៩នាក់ ត្រូវបានសម្លាប់ និង ៦៨នាក់ រងរបួស»។
សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា៖«រដ្ឋាភិបាលនៃសាធារណរដ្ឋស៊ូដង់ខាងត្បូង ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើហិង្សាយ៉ាងសាហាវឃោរឃៅ និងដ៏កំសាក ប្រឆាំងនឹងពលរដ្ឋស្លូតត្រង់ និងមន្ត្រីសាធារណៈ។ សកម្មភាពបែបនេះ ធ្វើឲ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ឆ្ពោះទៅរកការផ្សះផ្សា និងឯកភាពជាតិ»៕