អស់រយៈពេលពីរថ្ងៃ បន្ទាប់ពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានវាយប្រហារតាមអាកាសរួមគ្នាលើអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ប្រជាជនលីបង់ភាគច្រើន បានជឿថា ប្រទេសរបស់ពួកគេ គឺជាកន្លែងដែលមានសុវត្ថិភាពបំផុត នៅមជ្ឈិមបូព៌ា។

ទោះជាយ៉ាងណាក៏ដោយ អ្វីៗទាំងអស់ បានផ្លាស់ប្តូរកាលពីព្រឹកថ្ងៃចន្ទ នៅពេលដែលក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារដោយយានដ្រូននិងរ៉ូកែតជាច្រើនគ្រាប់ពីភាគខាងត្បូងប្រទេសលីបង់ ចូលទៅក្នុងប្រទេសអ៊ីស្រាអែល «ដើម្បីសងសឹកចំពោះឈាមសុទ្ធរបស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Khamenei និង «ដើម្បីការពារប្រទេសលីបង់ និងប្រជាជនរបស់ខ្លួន»។

យន្តហោះអ៊ីស្រាអែល បានវាយប្រហារគោលដៅយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសនេះ នៅភាគខាងត្បូង ជាកន្លែងដែលប្រទេសនេះ បានព្រមានប្រជាជននៅក្នុងភូមិជាង ៥០ ឲ្យជម្លៀសចេញ នៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត និងនៅជ្រលងភ្នំ Bekaa។
ក្នុងរយៈពេលប៉ុន្មានម៉ោង ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ បានរាយការណ៍ថា មនុស្សជាង ៣០នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀត រងរបួស។
ការវាយប្រហារពេញមួយយប់របស់ក្រុមហេសបូឡាទៅលើទីក្រុង Haifa របស់អ៊ីស្រាអែល បានកើតឡើង បន្ទាប់ពីការព្រមានយ៉ាងច្បាស់លាស់ជាច្រើនថ្ងៃពីលោកប្រធានាធិបតី Joseph Aoun និងលោកនាយករដ្ឋមន្ត្រី Nawaf Salam ថា ប្រទេសលីបង់ មិនគួរត្រូវបានអូសទាញចូលទៅក្នុងជម្លោះក្នុងតំបន់ដ៏ទូលំទូលាយនោះទេ។
បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយនៅព្រឹកថ្ងៃចន្ទ លោក Salam បានប្រកាសថា រដ្ឋាភិបាលលីបង់ បានហាមឃាត់សកម្មភាពយោធា និងសន្តិសុខរបស់ក្រុមហេសបូឡា ហើយកំពុងរឹតត្បិតក្រុមនេះឲ្យដើរតួនាទីនយោបាយសុទ្ធសាធ៕