មន្ត្រីនិយាយថា តំបន់ហ្កាហ្សា កំពុងអស់ការផ្គត់ផ្គង់ប្រេងឥន្ធនៈមានកំណត់របស់ខ្លួនយ៉ាងឆាប់រហ័ស ហើយស្តុកស្បៀងអាហារ អាចនឹងកាន់តែតឹងតែង បន្ទាប់ពីអ៊ីស្រាអែល បានរារាំងការចូលប្រេងឥន្ធនៈ និងទំនិញចូលទៅក្នុងទឹកដីដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម ដោយលើកឡើងពីការប្រយុទ្ធជាមួយអ៊ីរ៉ង់។

យោធាអ៊ីស្រាអែល បានបិទច្រកព្រំដែនហ្កាហ្សាទាំងអស់ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានប្រកាសពីការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ដែលបានធ្វើឡើងរួមគ្នាជាមួយសហរដ្ឋអាមេរិក។ អាជ្ញាធរអ៊ីស្រាអែល និយាយថា ច្រកព្រំដែនទាំងនោះ មិនអាចដំណើរការដោយសុវត្ថិភាព ក្នុងអំឡុងពេលសង្គ្រាមបានទេ ហើយមិនបាននិយាយថា ពួកគេនឹងត្រូវបិទរយៈពេលប៉ុន្មានទេ។

មន្ត្រីមូលដ្ឋាននិយាយថា តំបន់ហ្កាហ្សាពឹងផ្អែកទាំងស្រុងលើប្រេងឥន្ធនៈដែលដឹកដោយរថយន្តដឹកទំនិញមកពីអ៊ីស្រាអែល និងអេហ្ស៊ីប ហើយកង្វះខាតការផ្គត់ផ្គង់ថ្មី នឹងធ្វើឲ្យប្រតិបត្តិការមន្ទីរពេទ្យស្ថិតក្នុងហានិភ័យ និងគំរាមកំហែងដល់សេវាទឹក និងអនាម័យ។ ប្រជាជនប៉ាឡេស្ទីនភាគច្រើននៅក្នុងតំបន់ហ្កាហ្សាត្រូវបានផ្លាស់ទីលំនៅ បន្ទាប់ពីសង្គ្រាមរយៈពេលពីរឆ្នាំរបស់អ៊ីស្រាអែល ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស។
មន្ត្រីអង្គការសហប្រជាជាតិ អ្នកស្រី Karuna Herrmann ដែលដឹកនាំការចែកចាយប្រេងឥន្ធនៈ នៅតំបន់ហ្កាហ្សា បាននិយាយថា៖«ខ្ញុំរំពឹងថា យើងមានពេលដំណើរការប្រហែលពីរបីថ្ងៃទៀត»៕