ប្រទេសហ្ស៊ីមបាវ៉េកាលពីថ្ងៃចន្ទ បានចាប់ផ្តើមដោះលែងអ្នកទោសជិត ៤.០០០នាក់ ដែលត្រូវបានផ្តល់ការលើកលែងទោសពីប្រធានាធិបតី ក្នុងគោលបំណងកាត់បន្ថយភាពចង្អៀតណែន នៅក្នុងពន្ធនាគារ។

គណៈរដ្ឋមន្ត្រី បានប្រកាសពីការលើកលែងទោសនេះ នៅក្នុងខែកុម្ភៈ នៅថ្ងៃដដែលដែលខ្លួន បានអនុម័តការកែប្រែរដ្ឋធម្មនុញ្ញយ៉ាងទូលំទូលាយ ដែលជាផ្នែកមួយនៃផែនការ ដើម្បីបន្តអាណត្តិរបស់ប្រធានាធិបតីអាយុ ៨៣ឆ្នាំ លោក Emmerson Mnangagwa រហូតដល់ឆ្នាំ ២០៣០។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Ziyambi Ziyambi បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅរដ្ឋធានី Harare ថា៖«ប្រទេសនេះ គួរកត់សម្គាល់ថា ការដោះលែងអ្នកទោសចំនួន ៣.៩៧៨នាក់ បានចាប់ផ្តើមកាលពីថ្ងៃចន្ទ»។
យោងតាមទិន្នន័យជាតិដែលមានថ្មីៗ ពន្ធនាគាររបស់ប្រទេសហ្ស៊ីមបាវ៉េ បានឃុំខ្លួនអ្នកទោសជាង ២៤.០០០នាក់ ក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២៥។
លោក Ziyambi បាននិយាយថា អ្នកទោសសរុបចំនួន ៤.៣០៥នាក់ ក្នុងនោះមានស្ត្រី ២២៣នាក់ នឹងត្រូវបានដោះលែង នៅទីបំផុត ដោយគម្រោងនេះ «ផ្តោតលើក្រុមងាយរងគ្រោះ និងអ្នកដែលបានបង្ហាញពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការស្តារនីតិសម្បទារបស់ពួកគេ»៕