ប្រមុខចរចាពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងចិន នឹងជួបប្រជុំគ្នាមាននៅពាក់កណ្តាលខែមីនា ខាងមុខនេះ ដែលជាសញ្ញាបង្ហាញថា ផែនការសម្រាប់ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងមេដឹកនាំចិន លោក Xi Jinping នៅតែបន្តទៅមុខ បើទោះបីជាមានការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ក៏ដោយ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Bloomberg។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ត្រូវបានរំពឹងថា នឹងជួបគ្នាក្នុងទីក្រុងប៉ារីស នៅចុងសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងធុរកិច្ចនានា ពាក់ព័ន្ធនឹងជំនួបមេដឹកនាំ ដែលពិភពលោកកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ។

របាយការណ៍ដដែលបានស្រង់សម្តីអ្នកដែលដឹងផែនការនៃជំនួបនេះថា ការប្តេជ្ញាចិត្តរបស់ចិន ក្នុងការទិញយន្តហោះប៊ូអ៊ីង និងសណ្តែកសៀងរបស់អាមេរិក រំពឹងថានឹងស្ថិតក្នុងរបៀបវារៈ រួមជាមួយនឹងអនាគតនៃពន្ធគយរបស់លោក Trump បន្ទាប់ពីតុលាការកំពូលអាមេរិក បានលុបចោលពន្ធទាំងនោះ។ ការពិភាក្សាក៏អាចនឹងគ្របដណ្តប់លើអនាគតរបស់កោះតៃវ៉ាន់ផងដែរ ខណៈទីក្រុងប៉េកាំង បានបង្កើនការធ្វើសមយុទ្ធយោធានៅជុំវិញកោះស្វ័យគ្រប់គ្រងមួយនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក Trump គ្រោងទៅកាន់ទីក្រុងប៉េកាំង នៅចុងខែមីនា ខណៈក្រុមអ្នកវិភាគនិយាយថា យុទ្ធនាការយោធាអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានសម្លាប់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei និងបន្ទាប់ពីការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា ក្នុងប្រតិបត្តិការឆ្មក់ចូលទីក្រុងការ៉ាកាសកាលពីខែមករា អាចបង្កភាពតានតឹងនៅក្នុងជំនួបជាមួយមេដឹកនាំចិន លោក Xi Jinping ៕