អ្នកនាំពាក្យអង្គការសហប្រជាជាតិម្នាក់បាននិយាយថា ការប៉ះទង្គិចគ្នាឆ្លងព្រំដែនរវាងប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន នៅតែបន្ត ហើយបេសកកម្មអង្គការសហប្រជាជាតិប្រចាំនៅប្រទេសអាហ្វហ្គានីស្ថាន បានបញ្ជាក់ជាថ្មីម្តងទៀតនូវការអំពាវនាវរបស់ខ្លួនឱ្យបញ្ឈប់ការប្រយុទ្ធ និងអំពាវនាវឱ្យគ្រប់ភាគីទាំងអស់គោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិដើម្បីការពារជនស៊ីវិល។

បេសកកម្មអង្គការសហប្រជាជាតិ ស្របតាមអាណត្តិក្រុមប្រឹក្សាសន្តិសុខរបស់ខ្លួន បានកត់ត្រាយ៉ាងហោចណាស់ជនស៊ីវិល១២៣នាក់បានស្លាប់និងរងរបួសនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីថ្ងៃទី ២៦ ខែកុម្ភៈ ដល់ថ្ងៃទី ១ ខែមីនា ដោយមនុស្ស៣៤នាក់ស្លាប់ និង៨៩នាក់រងរបួស នេះបើយោងតាមលោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។

លោក Dujarric និយាយថា ការរឹតត្បិតលើការធ្វើដំណើរនៅតំបន់ព្រំដែនដោយសារតែជម្លោះដ៏សកម្មបានកាត់បន្ថយសមត្ថភាពរបស់ភ្នាក់ងារមនុស្សធម៌និងដៃគូរបស់ពួកគេ ក្នុងការផ្តល់ជំនួយសង្គ្រោះជីវិត និងជំនួយផ្សេងទៀតនៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ធ្វើឱ្យជនភៀសខ្លួនអាហ្វហ្គានីស្ថានដែលវិលត្រឡប់មកពីប្រទេសប៉ាគីស្ថាន ងាយរងគ្រោះ ជាពិសេស។
យោងតាមអ្នកនាំពាក្យបានឲ្យដឹងថា កម្មវិធីស្បៀងអាហារពិភពលោក(WFP) បានផ្អាកសកម្មភាពរបស់ខ្លួននៅក្នុងតំបន់ដែលរងផលប៉ះពាល់ ដោយមានពលរដ្ឋប្រហែល៦០.០០០នាក់រងផលប៉ះពាល់ដោយការផ្អាកការចែកចាយស្បៀងអាហារ ហើយខេត្តមួយចំនួនដែលរងផលប៉ះពាល់ដោយការប្រយុទ្ធគ្នាកំពុងជួបប្រទះកម្រិតធ្ងន់ធ្ងរនៃកង្វះអាហារូបត្ថម្ភ។