រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ជាបន្ទាន់ ដើម្បីទប់ស្កាត់មជ្ឈិមបូព៌ាពីការធ្លាក់ចូលទៅក្នុង «ភាពវឹកវរទាំងស្រុង»។
លោក Abdelatty បានធ្វើការអត្ថាធិប្បាយនេះ ក្នុងអំឡុងពេលនៃសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយសមភាគីរបស់លោក នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម គុយវ៉ែត កាតា អូម៉ង់ បារ៉ែន ហ្ស៊កដានី និងអ៊ីរ៉ាក់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអេហ្ស៊ីប។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ការពិភាក្សានេះ បានផ្តោតលើការវិវត្តយ៉ាងឆាប់រហ័ស និងគ្រោះថ្នាក់នៅក្នុងតំបន់ និងការវាយប្រហាររបស់អ៊ីរ៉ង់ដែលកំពុងបន្តប្រឆាំងនឹងប្រទេសនានា។
លោក Abdelatty បានបញ្ជាក់ជាថ្មីនូវសាមគ្គីភាពពេញលេញរបស់អេហ្ស៊ីប ជាមួយប្រទេសអារ៉ាប់ និងបានថ្កោលទោសចំពោះ «ការវាយប្រហារដែលមិនអាចទទួលយកបាន និងមិនសមហេតុផល» ដែលផ្តោតលើពួកគេ។ លោកក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងរបស់អេហ្ស៊ីបចំពោះអធិបតេយ្យភាព សន្តិសុខ ស្ថិរភាព និងបូរណភាពទឹកដីរបស់ប្រទេសអារ៉ាប់ ដោយសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់អ៊ីរ៉ង់ ក្នុងការបញ្ឈប់ការវាយប្រហារជាបន្ទាន់ទៅលើបណ្តាប្រទេសអារ៉ាប់។

លោកបានជំរុញឲ្យភាគីទាំងអស់ «អត់ធ្មត់អតិបរមា ផ្តល់អាទិភាពដល់ការសន្ទនា និងងាកទៅរកហេតុផល និងដំណោះស្រាយនយោបាយ និងការទូត»។
ដោយឡែកពីគ្នានោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក Fuad Hussein បានពិភាក្សាគ្នាកាលពីថ្ងៃចន្ទ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក Sheikh Abdullah bin Zayed Al Nahyan ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់រួម។ លោក Hussein បានអំពាវនាវឲ្យមានបទឈប់បាញ់ និងការបន្ថយភាពតានតឹង ដើម្បីការពារជនស៊ីវិល និងរក្សាសន្តិសុខ និងស្ថិរភាពនៃតំបន់នេះ៕
