លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយស្តីពីកងកម្លាំងទប់ស្កាត់នុយក្លេអ៊ែរជាតិថា ប្រទេសបារាំងមានបំណងអភិវឌ្ឍន៍មីស៊ីលរយៈចម្ងាយឆ្ងាយថ្មីរួមគ្នា ជាមួយ អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ដើម្បី «គ្រប់គ្រងការកើនឡើងនៃជម្លោះ» ដែលអាចកើតមាន ដោយមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

លោក ម៉ាក្រុង បានលើកឡើងថា៖«ទាក់ទងនឹងសមត្ថភាពបង្កើតផលប៉ះពាល់ធ្ងន់ធ្ងរ ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង នឹងសហការគ្នា ក្នុងគម្រោងនានា ដើម្បីបង្កើតមីស៊ីលរយៈចម្ងាយឆ្ងាយខ្លាំង ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមវិធីសាស្រ្តវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អឺរ៉ុប (ELSA)។ គំនិតផ្តួចផ្តើមនេះ នឹងផ្តល់ឲ្យយើងនូវឱកាសថ្មីៗ ដើម្បីគ្រប់គ្រងការកើនឡើងនៃភាពតានតឹងដោយមធ្យោបាយធម្មតា»។
លោកបានបន្ថែមថា នៅពេលដែលភាពជាដៃគូកាន់តែរឹងមាំ គម្រោងផ្សេងទៀតដែលមានគោលបំណងគាំទ្រអធិបតេយ្យភាពអឺរ៉ុប អាចនឹងកើតមានឡើង៕
