ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃចន្ទ (២ មីនា) ថា កងទ័ពរុស្ស៊ី បានបរាជ័យ មិនអាចសម្រេចគោលដៅដែលខ្លួនបានកំណត់កាលពីឆ្នាំមុននោះទេ ហើយក៏នឹងមានការលំបាកក្នុងការសម្រេចផែនការវាយរុលទៅមុខលើទឹកដីអ៊ុយក្រែន ដែលទីក្រុងមូស្គូបានសង្ឃឹមទុក នៅក្នុងឆ្នាំនេះផងដែរ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងគីវ លោក Zelenskyy បានលើកឡើងថា ផែនការរបស់ទីក្រុងមូស្គូ ក្នុងការដណ្តើមយកភាគខាងកើតអ៊ុយក្រែនទាំងមូល និងតំបន់នានានៅភាគខាងត្បូងបន្ថែមទៀត នៅតែមិនមានការផ្លាស់ប្តូរឡើយ។ លោកបន្តថា ទីក្រុងមូស្គូក៏បានសង្ឃឹមថានឹងវាយលុកឆ្ពោះទៅកាន់ទីក្រុង Dnipro នៅភាគអាគ្នេយ៍ ហើយក៏កំពុងពិចារណាពីវិធីដណ្តើមយកប្រៀបនៅក្នុងតំបន់ Odesa ភាគខាងត្បូងជាប់សមុទ្រខ្មៅផងដែរ។
លោកនិយាយទៀតថា អ៊ុយក្រែនទទួលបានផែនទីដែលបង្ហាញពីផែនការរបស់រុស្ស៊ី សម្រាប់ឆ្នាំ ២០២៦-២០២៧ ប៉ុន្តែផែនទីទាំងនោះ «គ្មានអ្វីពាក់ព័ន្ធនឹងការពិតឡើយ» ពីព្រោះរុស្ស៊ី មិនអាចបំពេញភារកិច្ចនេះបានទេ។ លោកសង្កត់ធ្ងន់ថា សម្រាប់ពេលនេះ អ៊ុយក្រែន «មើលមិនឃើញថា ពួកគេអាចមានសមត្ថភាពក្នុងការសម្រេចភារកិច្ចនៅលើផែនទីទាំងនោះបានឡើយ»។
រុស្ស៊ីបាននិងកំពុងវាយរុលយ៉ាងយឺតៗឆ្លងកាត់តំបន់ Donbas ភាគខាងកើតដ៏ធំ ដែលរួមមានតំបន់ Donetsk និង Luhansk ហើយក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកភូមិថ្មីចំនួនបី។ ប៉ុន្តែអ៊ុយក្រែន និយាយថា កងទ័ពរបស់ខ្លួនបានវាយដណ្តើមយកមកវិញនូវទីតាំងចំនួន៩ បន្ថែមទៀត នៅភាគខាងត្បូងក្នុងតំបន់ Zaporizhzhia ចាប់តាំងពីចុងខែមករា ឆ្នាំនេះមក ហើយកំពុងបន្តការវាយបកតាមបណ្តោយខ្សែត្រៀមជួរមុខនៅភាគអាគ្នេយ៍៕

