ការ៉ាតេ៖ គណៈកម្មការរៀបចំ ក៏ដូចជាសហព័ន្ធកីឡាការ៉ាតេកម្ពុជាកាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានរៀបចំពិធីជប់លៀងទទួលអាហារសាមគ្គីជូនដល់ប្រតិភូ និងអត្តពលិកទាំង ៩ប្រទេស មុនឈានដល់ការប្រកួតផ្លូវការនៃព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៩ នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២។
ពិធីជប់លៀង និងទទួលទានអាហារសាមគ្គីនេះ គេឃើញប្រតិភូ និងអត្តពលិកចូលរួមបានសម្ដែងនូវទឹកមុខសប្បាយរីករាយ ក៏ដូចជាពេញចិត្តនូវការរៀបចំរបស់កម្ពុជាក្នុងការទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេស តាំងពីថ្ងៃធ្វើដំណើរមកដល់កម្ពុជាកាលពីថ្ងៃទី២០ ខែមីនាកន្លងទៅ មុនឈានដល់ការប្រកួតផ្លូវការនាចុងសប្ដាហ៍នេះ។ សូមបញ្ជាក់ថា ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍លើកទី៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះគឺមានប្រតិភូ និងអត្តពលិកជាង ២០០នាក់ចូលរួមមកពី ៩ប្រទេសរួមមានកម្ពុជា ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ប្រ៊ុយណេ និងឡាវ។ ការប្រកួតនេះត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីវាស់ស្ទង់សមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២២ នៅវៀតណាមនាខែឧសភាផង និងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផង៕
អត្ថបទ៖ លី ឈុនឡា