ប្រមុខកាកបាទក្រហម កាលពីថ្ងៃចន្ទ (ទី២ ខែមីនា ឆ្នាំ២០២៦) បានលើកឡើងថា សង្គ្រាមដែលកំពុងរីករាលដាល នៅតំបន់មជ្ឈិមបូព៌ា កំពុងធ្វើឲ្យជនស៊ីវិលស្ថិតក្នុង «គ្រោះថ្នាក់ធ្ងន់ធ្ងរ» ដោយបញ្ជាក់ថា ជម្លោះទ្រង់ទ្រាយធំ នឹងហួសពីសមត្ថភាព ក្នុងការផ្ដល់ជាជំនួយ។
សង្គ្រាមដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ បានរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា និងកន្លែងផ្សេងទៀត ដោយក្រុមហេសបូឡារបស់លីបង់ បានចូលរួមក្នុងជម្លោះនេះ ហើយមូលដ្ឋានយោធាអង់គ្លេសមួយ នៅក្នុងប្រទេសស៊ីបដែលជាសមាជិកសហភាពអឺរ៉ុប (EU) កំពុងរងការវាយប្រហារ។

លោកស្រី Mirjana Spoljaric ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានលើកឡើងថា៖ «ការពង្រីកអរិភាព នៅទូទាំងតំបន់មជ្ឈិមបូព៌ា កំពុងធ្វើឲ្យជីវិតជនស៊ីវិលស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ទំហំនៃប្រតិបត្តិការយោធាធំៗ ដែលកំពុងផ្ទុះឡើងនៅទូទាំងតំបន់មជ្ឈិមបូព៌ា ធ្វើឲ្យតំបន់នេះ និងកន្លែងផ្សេងទៀតប្រឈមនឹងហានិភ័យ ពោលគឺកំពុងត្រូវបានរុញឲ្យចូលទៅក្នុងជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំមួយផ្សេងទៀត ដែលនឹងហួសពីសមត្ថភាពឆ្លើយតបមនុស្សធម៌»។
ICRC ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេស្វីស ដើរតួនាទីជាអ្នកការពារច្បាប់មនុស្សធម៌អន្តរជាតិ ជាសំណុំនៃច្បាប់ដែលស្វែងរកការកំណត់ផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធ។ ច្បាប់ទាំងនេះការពារមនុស្សដែលមិនចូលរួមក្នុងអរិភាព ឬលែងចូលរួមក្នុងអរិភាពទៀតហើយ ហើយរឹតត្បិតមធ្យោបាយ និងវិធីសាស្រ្តនៃសង្គ្រាម៕


