ជនបរទេសដែលស្នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានគេមើលឃើញធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាងអាស៊ែបៃហ្សង់ ស្របពេលដែលការវាយប្រហារអ៊ីរ៉ង់ពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាន់តានតឹងខ្លាំង ។
យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្រុមអាជ្ញាធរអាស៊ែបៃហ្សង់ បានឲ្យដឹងថា ជនបរទេស ១៩២នាក់ បានរត់ភៀសខ្លួនចេញពីប្រទេសអ៊ីរ៉ង់ទៅកាន់ប្រទេសអាស៊ែបៃហ្សង់ ដែលភាគច្រើននៃពួកគេ គឺជាជនជាតិអាស៊ែបៃហ្សង់ តាជីគីស្ថាន ប៉ាគីស្ថាន និងអារ៉ាប៊ីសាអ៊ូឌីត ។

លោក Avz Nazarov គឺជាជនជាតិតាជីគីស្ថានដែលរត់ភៀសខ្លួនចេញពីអ៊ីរ៉ង់និយាយថា មានសង្រ្គាមនៅទីនោះ មាននូវការវាយប្រហារដ៏ខ្លាំងក្លា ហេតុដូច្នេះហើយ ពួកយើងត្រូវតែធ្វើដំណើរឆ្លងកាត់ព្រំដែនមកកាន់ប្រទេសអាស៊ែបៃហ្សង់ ។
គួរឲ្យដឹងថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅ បង្កឲ្យមានការវាយប្រហារសងសឹកនៅទូទាំងតំបន់ពីទីក្រុងតេអេរ៉ង់ ។
ជម្លោះបានរីកកាន់តែធំកាលពីថ្ងៃចន្ទ ដោយគ្មានសញ្ញានៃការបញ្ចប់ ស្របពេលដែលទីក្រុងតេអេរ៉ង់ បានបាញ់មីស៊ីល និងយានដ្រូនលើអ៊ីស្រាអែល រដ្ឋឈូងសមុទ្រ និងមូលដ្ឋានយោធាអង់គ្លេស នៅប្រទេសស៊ីប ៕
