កាលពីថ្ងៃចន្ទ (ទី២ ខែមីនា ឆ្នាំ២០២៦) រដ្ឋមន្ត្រីការបរទេសចិន បានជំរុញឲ្យប្រទេសឈូងសមុទ្ររួមគ្នាប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ បានបង្កឲ្យមានជម្លោះកាន់តែរីកធំឡើង នៅក្នុងតំបន់។

យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងការបរទេសចិន បានឲ្យដឹងថា អំឡុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអូម៉ង់របស់លោក រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា ប្រទេសចិនសង្ឃឹមថា បណ្តាប្រទេសឈូងសមុទ្រ នឹងពង្រឹងឯកភាព និងលើកកម្ពស់មិត្តភាពអ្នកជិតខាង ដើម្បី «រក្សាអនាគត និងវាសនារបស់ពួកគេ នៅក្នុងដៃរបស់ពួកគេ»។
ហើយបើយោងតាមសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយផ្សេងទៀត បានឲ្យដឹងថា ក្នុងឱកាសជជែកតាមទូរស័ព្ទនៅថ្ងៃដដែលនោះ ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi លោក Wang បានបញ្ជាក់ថា លោកជឿជាក់ថា អ៊ីរ៉ង់អាចរក្សាស្ថិរភាពជាតិ និងសង្គម ក៏ដូចជាយកចិត្តទុកដាក់ចំពោះកង្វល់ស្របច្បាប់របស់ប្រទេសជិតខាង។
ការវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ បានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei និងបានជំរុញឲ្យមានការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល និងប្រទេសឈូងសមុទ្រដទៃទៀតដែលមានមូលដ្ឋានយោធាអាមេរិក។
លោក Wang បានសម្តែងការគាំទ្រ ចំពោះប្រទេសឈូងសមុទ្រក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ពួកគេ ក៏ដូចជាគាំទ្រអ៊ីរ៉ង់ ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន៕


