អភិបាលខេត្ត South Kivu បានធ្វើដំណើរទៅកាន់ទីស្មសានមួយកន្លែងស្ថិតនៅទីក្រុង Uvira ជាទីដែលក្រុមអាជ្ញាធរនិយាយថា ពួកគេបានរកឃើញផ្នូរទ្រង់ទ្រាយធំ មានសាកសពមនុស្សជាង ១២០នាក់ ។
លោកអភិបាលខេត្ត South Kivu បានចោទប្រកាន់ក្រុមឧទ្ទាម M23គាំទ្រដោយរ៉្វាន់ដា ថា បានធ្វើការសម្លាប់រង្គាល អំឡុងវត្តមានកាលពីពេលកន្លងទៅរបស់ពួកគេ នៅទីក្រុងភាគខាងកើតកុងហ្គោមួយនេះ គឺជាការចោទប្រកាន់មួយត្រូវបានក្រុមឧទ្ទាមច្រានចោល ។

ការធ្វើដំណើរនេះ បានកើតមានឡើង ស្របពេលការប្រយុទ្ធគ្នា នៅតែបន្ត រវាងកងកម្លាំងរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងក្រុមចលនា M23 ដែលរឹបអូសតំបន់ភាគខាងកើត នៅក្នុងជម្លោះមួយ បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
ក្រុមចលនា M23 ដណ្តើមបានគ្រប់គ្រងមួយរយៈពេលខ្លីផងដែរ នូវទីក្រុងជាច្រើនក្នុងខេត្ត North Kivu និងខេត្ត South Kivu រួមទាំងទីក្រុង Uvira ។
ទីក្រុង Kinshasa អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលជាច្រើនរបស់លោកខាងលិច បានចោទប្រកាន់ប្រទេសរ៉្វាន់ដា ថាគាំទ្រក្រុមឧទ្ទាម គឺជាការចោទប្រកាន់មួយត្រូវបានទីក្រុង Kigali ច្រានចោល ។
ក្រុមអាជ្ញាធរ និយាយថា ពួកគេបានរកឃើញផ្នូរទ្រង់ទ្រាយធំ ក្រោយក្រុមឧទ្ទាមដកទ័ពចេញ ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើយចំពោះអត្តសញ្ញាណរបស់សាកសព និងវិធីដែលពួកគេស្លាប់ ហើយអ្នកសារព័ត៌មានពុំអាចចូលទៅដល់ទីនោះបានទេ ដែលនៅមានយោធាយាមកាមយ៉ាងតឹងរ៉ឹង ហើយការចូលត្រូវរឹតត្បិត ៕
