រដ្ឋាភិបាលប្រទេសស៊ូដង់ បានអះអាងកាលពីថ្ងៃចន្ទថា ខ្លួនត្រូវបានកំណត់គោលដៅនៃការវាយប្រហារដោយយានដ្រូនដែលបាញ់ចេញពីទឹកដីប្រទេសអេត្យូពីក្នុងខែកុម្ភៈ និងដើមខែមីនានេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសស៊ូដង់ បាននិយាយថា អាជ្ញាធរ «បានតាមដានពេញមួយខែកុម្ភៈ និងដើមខែមីនា នូវការចូលមកនៃយានដ្រូនពីខាងក្នុងទឹកដីប្រទេសអេត្យូពី ដោយវាយប្រហារគោលដៅនៅក្នុងប្រទេសស៊ូដង់»។

ក្រសួងបានចាត់ទុកសកម្មភាពទាំងនេះថាជា «ឥរិយាបទបង្កអរិភាពដែលត្រូវបានថ្កោលទោស និងមិនអាចទទួលយកបាន ដែលបង្ហាញពីការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើដែនអធិបតេយ្យភាពរបស់ប្រទេសស៊ូដង់ និងជាសកម្មភាពឈ្លានពានយ៉ាងច្បាស់ប្រឆាំងនឹងរដ្ឋស៊ូដង់»។
យោងតាមសេចក្តីថ្លែងការណ៍ ទីក្រុង Khartoum បានព្រមានអាជ្ញាធរប្រទេសអេត្យូពី អំពីអ្វីដែលខ្លួនហៅថា «ផលវិបាកនៃសកម្មភាពអរិភាព» ដោយបញ្ជាក់ថា ខ្លួនរក្សាសិទ្ធិក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីតាមមធ្យោបាយដែលខ្លួនយល់ថាសមស្រប។
នេះគឺជាលើកទីមួយហើយដែលរដ្ឋាភិបាលស៊ូដង់ បានប្រកាសពីការចោទប្រកាន់ជាផ្លូវការដោយផ្ទាល់ប្រឆាំងប្រទេសអេត្យូពីពីការជ្រៀតជ្រែកក្នុងសង្គ្រាមដែលកំពុងបន្តនៅក្នុងប្រទេសស៊ូដង់។
