អគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte កាលពីថ្ងៃចន្ទ (ទី២ ខែមីនា ឆ្នាំ២០២៦) បានពោលសរសើរវិធានការយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ដោយនិយាយថា វាគឺជាការធ្វើឲ្យខូចដល់សមត្ថភាពរបស់ទីក្រុងតេអេរ៉ង់ ដើម្បីកុំឲ្យទទួលបានអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិក ប៉ុន្តែលោកបានបញ្ជាក់ថា សម្ព័ន្ធយោធាផ្ទាល់ នឹងមិនពាក់ព័ន្ធក្នុងប្រតិបត្តិការនេះនោះទេ។
លោក Rutte បានប្រាប់ទូរទស្សន៍ ARD របស់អាល្លឺម៉ង់ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិកថា៖ «វាគឺពិតជាសំខាន់ណាស់ដែលសហរដ្ឋអាមេរិកកំពុងធ្វើអ្វីនៅទីនេះ រួមជាមួយអ៊ីស្រាអែល ព្រោះវាកំពុងធ្វើឲ្យខូចដល់សមត្ថភាពរបស់អ៊ីរ៉ង់ ដើម្បីកុំឲ្យទទួលបានអាវុធនុយក្លេអ៊ែរ និងបន្ថយសមត្ថភាពមីស៊ីលបាលីស្ទិក»។
លោកបានបន្ថែមថា៖ «ពិតជាមិនមានផែនការ ក្នុងការដែលអង្គការណាតូត្រូវបានអូសចូលទៅក្នុងរឿងនេះ ឬក្លាយជាផ្នែកមួយនៃវានោះទេ លើកលែងតែប្រទេសសម្ព័ន្ធមិត្តនីមួយៗ ធ្វើអ្វីដែលពួកគេអាចធ្វើបានដោយផ្ទាល់ខ្លួន ដើម្បីគាំទ្រដល់អ្វីដែលអាមេរិកកំពុងធ្វើរួមគ្នាជាមួយអ៊ីស្រាអែល»។

ជាមួយគ្នានេះ លោក Rutte បាននិយាយនៅថ្ងៃចន្ទនោះថា លោកបានពិភាក្សាអំពីបញ្ហាអ៊ីរ៉ង់ និងសន្តិសុខតំបន់ជាមួយប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ដោយបន្ថែមថា ពួកលោកបានឯកភាពគ្នាលើសារៈសំខាន់នៃវិធីសាស្រ្តសន្តិសុខ ៣៦០ដឺក្រេរបស់សម្ព័ន្ធមិត្ត និងការត្រៀមខ្លួន ក្នុងការទប់ស្កាត់ និងការពារប្រឆាំងនឹងការគំរាមកំហែងពីទិសដៅណាមួយ៕

