រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi និយាយកាលពីថ្ងៃចន្ទថា បណ្តាប្រទេសក្នុងតំបន់គួរតែដាក់សម្ពាធសហរដ្ឋអាមេរិក សម្រាប់ការវាយប្រហារអ៊ីរ៉ង់ ។
នៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់លោក Araqchi និយាយថា ទីក្រុងតេអេរ៉ង់ មិនធ្វើសង្រ្គាមជាមួយប្រទេសក្នុងតំបន់នោះទេ ប៉ុន្តែលោកបានព្រមានថា មូលដ្ឋានទ័ពសហរដ្ឋអាមេរិក នៅក្នុងតំបន់ គឹជាគោលដៅស្របច្បាប់ ។

លោកនិយាយថា ពួកយើងមិនព្យាយាមធ្វើសង្រ្គាមក្នុងតំបន់នោះទេ ។ វាក្លាយជាសង្រ្គាមក្នុងតំបន់ជារឿងធម្មតា ពីព្រោះថា មូលដ្ឋានទ័ព និងទីតាំងយោធាសហរដ្ឋអាមេរិក រីករាលដាលពាសពេញតំបន់របស់ពួកយើង ។ ពេលសហរដ្ឋអាមេរិកវាយប្រហារពួកយើង មិនថាដោយយន្តហោះចម្បាំង ឬនាវាចម្បាំងដែលពួកគេដាក់ពង្រាយទេ ពួកគេសុទ្ធតែចូលដល់ទឹកដីរបស់ពួកយើង ដើម្បីវាយប្រហារជាមួយមីស៊ីល និងយន្តហោះគ្រប់ប្រភេទទាំងអស់ ។
លោកនិយាយទៀតថា ពួកយើងមិនអាចវាយប្រហារដល់ទឹកដីរបស់ពួកគេបានទេ ប៉ុន្តែពួកយើងអាចវាយប្រហារដល់មូលដ្ឋានទ័ពរបស់ពួកគេ ។ លោកគិតថា មូលដ្ឋានទ័ពទាំងអស់នោះ គឺជាគោលដៅស្របច្បាប់របស់ពួកយើង ។
លោក Araqchi បញ្ជាក់ថា ប៉ុន្តែស្ថានភាពបច្ចុប្បន្នគឺខុសគ្នា ។ ពួកយើងលែងតតាំងជាមួយប្រទេសជិតខាងរបស់ពួកយើងទៀតហើយ ពួកយើងតតាំងជាមួយកងកម្លាំងសហរដ្ឋអាមេរិកដែលឈរជើងនៅមូលដ្ឋានទ័ពក្នុងទឹកដីប្រទេសទាំងនេះ ។ ពួកយើងត្រូវទប់ទល់ផងដែរជាមួយអាមេរិកដែលវាយប្រហារពួកយើងទាំងយប់ ទាំងថ្ងៃ ដោយគ្រប់មធ្យោបាយទាំងអស់ ហើយការពិតណាស់ថា ពួកយើងត្រូវទប់ទល់ជាមួយអ៊ីស្រាអែលទៀត ហើយបើសិនជាមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅក្នុងតំបន់ជម្លៀសទាហានរបស់ពួកគេ រួចនាំទៅកាន់សណ្ឋាគារ នោះជាបញ្ហាខ្លួនឯង ពួកយើងត្រូវការពារខ្លួនឯងដោយគ្រប់មធ្យោបាយ ពួកយើងត្រូវការពារពលរដ្ឋរបស់ពួកយើង ៕
