នៅថ្ងៃអង្គារនេះ ក្រុមសកម្មជនរាប់សិបនាក់នាំគ្នាតវ៉ានៅជិតស្ថានទូសហរដ្ឋអាមេរិក ស្ថិតក្នុងទីក្រុងម៉ានីល ហើយនិងបានដុតទង់ជាតិអាមេរិក ជាការថ្កោលទោសចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ ។
ក្រុមសកម្មជនទាំងនេះ នាំគ្នាតវ៉ានៅចម្ងាយប៉ុន្មានរយម៉ែត្រពីស្ថានទូតសហរដ្ឋអាមេរិក ក្រោយនគរបាលរារាំងពួកគេពីការតវ៉ានៅក្រៅស្ថានទូត ។ ពួកគេអះអាងថា ការវាយប្រហារផ្តើមចេញពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងធ្វើឲ្យអស្ថិរភាពដល់តំបន់ និងបណ្តាលឲ្យមានមនុស្សស្លាប់មិនចាំបាច់ ។

ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos រាយការណ៍ថា កម្មករចំណាកស្រុកហ្វីលីពីនម្នាក់ ត្រូវបានសម្លាប់នៅអ៊ីស្រាអែលកាលពីថ្ងៃទី ១ ខែមីនា ហើយលោកបានណែនាំឲ្យពលរដ្ឋហ្វីលីពីនរស់នៅក្នុងតំបន់ជម្លោះ ត្រូវស្វែងរកទីជម្រក ។
យោងតាមការអះអាងរបស់ក្រសួងការបរទេសហ្វីលីពីន បានឲ្យដឹងថា ពលរដ្ឋហ្វីលីពីនជាង ២,៤លាននាក់ បច្ចុប្បន្នកំពុងស្នាក់នៅតំបនមជ្ឈិមបូព៌ា ដែលភាគច្រើននៃពួកគេគឺជាកម្មករចំណាកស្រុក ។
ការវាយប្រហារតាមច្រកអាកាសរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល រីកកាន់តែធំកាលពីថ្ងៃចន្ទក្នុងនោះអ៊ីស្រាអែល បានវាយប្រហារលីបង់ ជាការឆ្លើយតបនឹងការវាយប្រហាររបស់ក្រុមហេសបូឡា ខណៈទីក្រុងតេអេរ៉ង់ វាយប្រហារដោយមីស៊ីល និងយានដ្រូនលើអ៊ីស្រាអែល រដ្ឋឈូងសមុទ្រ និងមូលដ្ឋានទ័ពអាកាសអង់គ្លេស នៅប្រទេសស៊ីប ៕
