យោងតាមស្ថាប័នស្ទាបស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា រញ្ជួយដីកម្រិត ៦,១រ៉ិចទ័រ បានកើតឡើងនៅម្ដុំកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃអង្គារ (ទី៣ ខែមីនា ឆ្នាំ២០២៦) នេះ ដោយបានធ្វើឲ្យប្រជាជនមានរំញ័រ ប៉ុន្តែមិនបានបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរនោះឡើយ។

អាជ្ញាធរបានឲ្យដឹងថា រញ្ជួយដីនេះមានប្រភពពីឆ្នេរសមុទ្រចុងភាគឦសានកោះស៊ូម៉ាត្រា ដែលជំរុញឲ្យមនុស្សនាំគ្នារត់ចេញមកក្រៅ នៅក្នុងតំបន់ដែលតែងតែជួបប្រទះនឹងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ។
ដោយបានប្រាប់សារព័ត៌មាន AFP តាមទូរស័ព្ទពីទីក្រុងឆ្នេរសមុទ្រតូចមួយ Sinabang ក្នុងខេត្ត Aceh ភាគខាងជើងបំផុត អ្នកស្រុកឈ្មោះ Ahmadi វ័យ ៥០ឆ្នាំ បានឲ្យដឹងថា៖ «ខ្ញុំនៅផ្ទះពេលវាកើតឡើង។ ការរញ្ជួយដីពិតជាខ្លាំងមែនទែន។ ខ្ញុំភ័យស្លន់ស្លោ។ យើងបានរត់ចេញពីក្នុងផ្ទះ អ្នកផ្សេងទៀតក៏ដូចគ្នា ប៉ុន្តែដោយសារតែការរញ្ជួយមានរយៈពេលខ្លី អ្វីៗបានវិលមករកសភាពធម្មតាវិញ»។
លោក Rahmat Triyono ប្រធានមជ្ឈមណ្ឌលរញ្ជួយដី និងរលកយក្សស៊ូណាមិ BMKG របស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ប្រជាជននៅលើកោះ Simeulue និងតំបន់ឆ្នេរសមុទ្រភាគខាងកើតនៃខេត្ត Aceh នឹងជួបប្រទះនឹងការរញ្ជួយដីខ្លាំងមួយ ដោយធ្វើឲ្យបង្អួច និងទ្វារញ័រ ប្រេះជញ្ជាំង ហើយអាចមានបែករបស់របរផលិតពីកញ្ចក់»។
ប៉ុន្តែលោកបាននិយាយថា មិនមានហានិភ័យពីការមានរលកយក្សស៊ូណាមិនោះទេ។ ការរញ្ជួយក្នុងកម្លាំងដ៏ខ្សោយ ក៏ត្រូវបានគេមានអារម្មណ៍កើតមានផងដែរនៅភាគឦសាននៃកោះស៊ូម៉ាត្រាផងដែរ៕
