បាល់ទាត់៖ ក្រុមបាល់ទាត់ជំរើសជាតិអាហ្សង់ទីននឹងត្រូវធ្វើការប្រកួតជម្រុះ World Cup ចំនួនពីរប្រកួតនៅចំពោះមុខ ខណៈដែលកីឡាករដែលត្រូវបានកោះហៅមានសមាសភាពក្មេងៗច្រើន។ គ្រូបង្វឹកអាហ្សង់ទីនលោក Lionel Scaloni បានចាប់គិតគូរពីអនាគតដែលគ្មាន Lionel Messi ដែលឈានចូលវ័យ ៣៤ឆ្នាំទៅហើយ។

កីឡាករយុវជនមួយចំនួនត្រូវបានកោះហៅមានដូចជា Franco, Valentin Carboni, Alejandro Garnacho, Nicolas Paz, Tiago Geralnik និង Luka Romero ដែលពួកគេទាំងអស់គ្នាសុទ្ធតែកំពុងប្រកបអាជីពនៅលីគយុវជនក្នុងតំបន់អឺរ៉ុប។ អាហ្សង់ទីននឹងត្រូវជួបជាមួយវេណេហ្សុយអេឡានៅរដ្ឋធានី Buenos Aires នៅថ្ងៃទី២៥ ខែមីនានេះ ខណៈបួនថ្ងៃបន្ទាប់នឹងត្រូវជួបជាមួយម្ចាស់ផ្ទះអេក្វាដ័រ។ តាមពិតទៅក្រុមអាហ្សង់ទីនមានកៅអីរួចរាល់ហើយនៅ World Cup 2022 ប្រទេសកាតាដោយកំពុងឈរលេខ២ តាមពីក្រោយក្រុមកំពូលតារាងប្រេស៊ីល ៤ពិន្ទុតែដាច់ក្រុមលេខ៥ ដល់ទៅ ១៤ពិន្ទុនៅសល់ ៣ប្រកួតទៀតបញ្ចប់វគ្គជម្រុះ៕
អត្ថបទ៖នាង សុភាវុធ