តម្លៃសំបុត្រយន្តហោះពីអាស៊ីទៅកាន់អឺរ៉ុប បានហក់ឡើងខ្ពស់ ក្រោយអាកាសយានដ្ឋានសំខាន់ៗនៅតំបន់មជ្ឈិមបូព៌ា បានបិទ ដោយសារជម្លោះសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ។
ផ្លូវហោះហើរសំខាន់ៗជាច្រើន ត្រូវបានកក់ពេញអស់រយៈពេលច្រើនថ្ងៃ ក្នុងនោះកៅអីយន្តហោះតិចតួចប៉ុណ្នោះ នៅសេសសល់ ។

មជ្ឈមណ្ឌលសំខាន់ៗដូចជាអាកាសយានដ្ឋានអន្តរជាតិក្រុងឌូបៃ ដែលប្រតិបត្តិការជើងហោះហើរជាង ១ពាន់វ៉ុល ក្នុង ១ថ្ងៃនោះ បន្តបិទនៅថ្ងៃអង្គារនេះ ។
វាបានកាត់បន្ថយសមត្ថភាពតាមផ្លូវដូចជាពីអូស្រ្តាលីទៅកាន់អឺរ៉ុប ជាទីដែលក្រុមហ៊ុនដឹកជញ្ជូនឈូងសមុទ្រដូចជាក្រុមហ៊ុនអាកាសចរណ៍ Emirates និងក្រុមហ៊ុនអាកាសចរណ៍ Qatar Airways មានចំនួនច្រើនលើសលប់ ។
នៅអូស្រ្តាលី យន្តហោះពុំបានហោះហើរនោះទេនៅអាកាសយានដ្ឋានក្រុងស៊ីដនីនាថ្ងៃអង្គារនេះ ខណៈជើងហោះហើរទៅកាន់តំបន់មជ្ឈិមបូព៌ា ត្រូវបានលុបចោល ។
អ្នកដំណើរជាប់ខ្លួនជាច្រើន បានរង់ចាំនៅក្រៅការិយាល័យទិញសំបុត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Middle Eastern ស្ថិតក្នុងអាកាសយានដ្ឋានអន្តរជាតិពូកេត ប្រទេសថៃនាថ្ងៃអង្គារនេះ ។
អ្នកដំណើរមួយចំនួន បានបង្ហាញការខកចិត្តរបស់ពួកគេ ចំពោះការការជាប់ខ្លួននេះ ។ អ្នកដំណើរម្នាក់និយាយថា គាត់ និងគ្រួសារគាត់មិនអាចវិលត្រឡប់ទៅផ្ទះវិញបានទេ ហើយប្រឈមនឹងការចំណាយកើនឡើងផងដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ផ្លូវត្រង់ ឬមជ្ឈមណ្ឌលពុំរងផលប៉ះពាល់របស់ក្រុមហ៊ុនអាកាសចរណ៍ អាចបង្វែរទិសដៅហោះហើររបស់អ្នកដំណើរ ស្របពេលដែលពួកគេចៀសវៀងក្រុមហ៊ុនដឹកជញ្ជូនតំបន់ឈូងសមុទ្រ ៕
