អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃចន្ទ ខណៈដែលសង្គ្រាមជាមួយអ៊ីរ៉ង់ បានចូលដល់ថ្ងៃទីបីរបស់ខ្លួនថា ការបិទសាលារៀននៅទូទាំងឈូងសមុទ្រក្នុងសប្តាហ៍នេះ គឺជាការរំលឹកយ៉ាងច្បាស់ថា នៅពេលដែលជម្លោះ កើនឡើង កុមារគឺជាអ្នកដំបូងគេដែលត្រូវរងផលវិបាកធ្ងន់ធ្ងរ ជាមួយថ្នាក់រៀនរបស់ពួកគេ សុវត្ថិភាពរបស់ពួកគេ និងជាញឹកញាប់ ជីវិតរបស់ពួកគេ។
ដោយសារការប្រឈមមុខដាក់គ្នាខាងយោធាដែលពាក់ព័ន្ធនឹងកងកម្លាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក-អ៊ីស្រាអែល នៅតែបន្តកើនឡើង ដែលបណ្តាលឲ្យមានការរំខានយ៉ាងទូលំទូលាយនៅក្នុងតំបន់ និងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសុវត្ថិភាព អាជ្ញាធរនៅក្នុងរដ្ឋឈូងសមុទ្រជាច្រើន រួមទាំងអេមីរ៉ាតអារ៉ាប់រួម កាតា បារ៉ែន និងអូម៉ង់ បានបញ្ជាឲ្យសាលារៀននៅតែបិទ និងប្តូរទៅការរៀនពីចម្ងាយ។ ការសម្រេចចិត្តនេះ ឆ្លុះបញ្ចាំងពីផលប៉ះពាល់កាន់តែខ្លាំងឡើងលើជីវិតប្រចាំថ្ងៃ ខណៈដែលភាពតានតឹងភូមិសាស្ត្រនយោបាយរីករាលដាលនៅទូទាំងតំបន់។

របាយការណ៍បានលេចចេញជាសាធារណៈកាលពីចុងសប្តាហ៍មុនពីភាគខាងត្បូងអ៊ីរ៉ង់អំពីការវាយប្រហារលើសាលាបឋមសិក្សាមួយ នៅក្នុងទីក្រុង Minab ដែលបានសម្លាប់កុមាររាប់សិបនាក់។ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតការអះអាងទាំងនោះ។
ក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃចន្ទ លោកស្រី Rosemary A. DiCarlo បានថ្លែងសុន្ទរកថាក្នុងនាមអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស(Antonio Guterres) ដោយបានព្រមានថា ពិភពលោកកំពុងឃើញចំនួនជម្លោះប្រដាប់អាវុធខ្ពស់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទី ២ និងចំនួនអ្នកស្លាប់ដោយសារជនស៊ីវិលខ្ពស់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយស្រី្តទី១ គឺលោកស្រី Melania Trump ខណៈដែលសហរដ្ឋអាមេរិកកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ ប្រទេស នៅខែនេះ៕
