ក្រុមសកម្មប្រយុទ្ធហេសបូឡានៅលិបង់នៅថ្ងៃអង្គារនេះ បាននិយាយថា ខ្លួនបានកំណត់គោលដៅមូលដ្ឋានទ័ពអ៊ីស្រាអែលចំនួន ៣ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើបន្ទាយរបស់ក្រុមនេះ នៅក្នុងប្រទេសលីបង់ រួមទាំងតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូតផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក ក្រុមហេសបូឡា បានអះអាងថា ខ្លួនបានប្រើយានដ្រូនវាយប្រហារ ដើម្បីកំណត់គោលដៅទាំងមូលដ្ឋានទ័ពអាកាស Ramat David និងមូលដ្ឋានត្រួតពិនិត្យ Meron នៅភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។

ក្រុមនេះក៏បាននិយាយផងដែរថា ខ្លួនបានកំណត់គោលដៅមូលដ្ឋាន Naffakh ដែលត្រូវបានគេស្គាល់ថា Camp Yitzhak នៅក្នុងតំបន់ខ្ពង់រាប Golan Heights ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ជាមួយនឹងការបាញ់រ៉ូកែត។
ក្រុមហេសបូឡា បាននិយាយថា ការវាយប្រហារទាំងនេះ បានកើតឡើង «ជាការឆ្លើយតបទៅនឹងការឈ្លានពានព្រហ្មទណ្ឌរបស់អ៊ីស្រាអែលលើទីក្រុង និងទីប្រជុំជនរាប់សិបកន្លែងរបស់ប្រទេសលីបង់»។
ចាប់តាំងពីព្រឹកព្រលឹមមក តំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ត្រូវរងនូវការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ ដែលកំណត់គោលដៅអគារជាច្រើន បន្ទាប់ពីការព្រមានឲ្យជម្លៀសប្រជាជនចេញ៕
