ភ្នំពេញ៖ ចំនួនភ្ញៀវទេសចរចាប់ផ្ដើមមានកំណើនជាថ្មី នៅតាមទីគោលដៅទេសចរណ៍ នានាទាំងតាមបណ្ដាខេត្តក៏ដូចជានៅរាជធានីភ្នំពេញ។ ការកើនឡើងជាថ្មី គឺសង្កេតឃើញក្រោយពេលដែលកម្ពុជា សម្រេចដកចេញរាល់រនាំងនានាសម្រាប់ការធ្វើដំណើរចូលកម្ពុជា។
ថ្មីៗនេះ កម្ពុជាបានចាប់ផ្ដើមការបើកទទួលភ្ញៀវទេសចរដោយសេរីជាថ្មី ដោយលែងតម្រូវឱ្យមានការធ្វើតេស្ត PCR រយៈពេល ៧២ ម៉ោងមុនចូលមកកម្ពុជា និងការលុបចោលនូវការការធ្វើតេសត្តរហ័សពេលមកដល់ ទឹកដីកម្ពុជា និងការបើកដំណើរការឡើងវិញនូវទិដ្ឋាការពេលមកដល់កម្ពុជា។
បន្ទាប់ពីការបើកទទួលភ្ញៀវទេសចរដោយគ្មានរនាំងរឹតត្បឹតនេះ បានធ្វើឱ្យចំនួនភ្ញៀវបរទេសចាប់ផ្ដើមមានកំណើនជាថ្មី។ ជាក់ស្ដែងវត្តមានភ្ញៀវទេសចរអន្តរជាតិ បានបង្ហាញវត្តមានច្រើនជាងមុនផងដែរ នៅទីតាំងផ្សារទួលទំពូង ជាទីផ្សារលក់វត្ថុអនុស្សាវរីយ៍ ពេញនិយមសម្រាប់ភ្ញៀវទេសចរកន្លងមក។
អំឡុងពេលដើរកំសាន្តទិញវត្ថុអនុស្សាវរីយ៍ក្នុងផ្សារទួលទំពូងនេះ លោក Alex Shepherd ជាអ្នកធ្វើការក្នុងវិស័យទេសចរណ៍មួយរូបមកពីប្រទេស អង់គ្លេស លើកឡើងថា កម្ពុជាជាប្រទេសមួយដែលផ្ដល់ភាពងាយស្រួលច្រើនបំផុតសម្រាប់ភ្ញៀវទេសចរអាចធ្វើដំណើរចូល។
លោក បន្តថា តាមការសង្កេតរយៈពេលប៉ុន្មានថ្ងៃនៅកម្ពុជានេះ គឺកម្ពុជាពិតជាមានរួចរាល់ក្នុងការទទួលស្វាគមន៍ភ្ញៀវបរទេស។
ចំពោះស្រ្តីជនជាតិ បង់ក្លាដេស ដែលកំពុងដើររកទិញរបស់របរក្នុងផ្សារទួលទំពូងដដែលនេះ លើកឡើងថា កម្ពុជាគឺជាប្រទេសជាប្រទេសដ៏ល្អសម្រាប់ជនបរទេសមកកំសាន្ត។ ជាក់ស្ដែងគាត់ពេញចិត្ត គ្រប់យ៉ាងនៅកម្ពុជា សម្រាប់កំឡុងពេលកំពុងស្នាក់នៅនេះ។
វត្តមានភ្ញៀវទេសចរបរទេសកើនឡើងនេះ ក៏ផ្ដល់នូវក្ដីរីករាយ ក្ដីសង្ឃឹម ភាពប្រសើរឡើងសម្រាប់អាជីវករ នៅផ្សារទួលទំពូងផងដែរ។ នេះជាការលើកឡើងរបស់ លោកស្រី នី រតនា ជាអាជីវករលក់ គំនូរ។
តាមការលើកឡើងរបស់លោក ចំរើន សុខលីម ជាប្រធានផ្សារទួលទំពូង លើកឡើងថា កំឡុងពេលនេះ ភ្ញៀវទេសចរអន្តរជាតិចាប់ផ្ដើមមានកំណើនជាថ្មី។ ជាក់ស្ដែងរៀងរាល់ថ្ងៃ មានភ្ញៀវទេសចរអន្តរជាតិប្រមាណ ជាង២០០នាក់ បានមកផ្សារ ទួលទំពូង ដែលកន្លងទៅ គឺមានជនបរទេសប្រមាណតែ ២០ទៅ ៣០នាក់ ប៉ុណ្ណោះចូលមកផ្សារ ហើយពួកគាត់ជាជនបរទេសដែលរស់នៅជុំវិញផ្សារប៉ុណ្ណោះ។
លោកសង្ឃឹមដែរថា ថ្ងៃខាងមុខ ជនបរទេសនឹងកើនឡើងរហូតដល់ ចន្លោះពី ១៥០០នាក់ទៅ ២០០០នាក់ក្នុងមួយថ្ងៃ ដូចពេលមិនទាន់មានកូវីដ៕ អត្ថបទ៖ គឹមហុក