នៅថ្ងៃអង្គារនេះ ចិនបានជំរុញឲ្យភាគីទាំងអស់ បញ្ឈប់ប្រតិបត្តិការយោធានៅអ៊ីរ៉ង់ ហើយនិងការពារការរីករាលដាលសង្រ្គាមបន្ថែមទៀត ។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning និយាយអំឡុងសន្និសីទសារព័ត៌មានថា ចិនព្រួយបារម្ភជាខ្លាំងចំពោះការរីករាដាលនៃសង្រ្គាមចូលទៅកាន់ប្រទេសជិតខាង ។
អ្នកស្រីបន្តថា ពួកយើងសូមជំរុញឲ្យភាគីទាំងអស់បញ្ឈប់ប្រតិបត្តិការយោធា និងការពារសង្រ្គាមពីការរីករាលដាលបន្ថែមទៀត ។
សេចក្តីអត្ថាធិប្បាយនេះ បានកើតមានឡើង ក្រោយរដ្ឋមន្រ្តីការបរទេសចិន ជំរុញឲ្យប្រទេសឈូងសមុទ្រអារ៉ាប់ រួបរួមគ្នាជំទាស់ការជ្រៀតជ្រែកពីខាងក្រៅ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ បង្កឲ្យមានជម្លោះរីកកាន់តែធំនៅក្នុងតំបន់ ។

យោងតាមសេចក្តីថ្លែងការណ៍ចេញដោយក្រសួងបានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បាននិយាយនៅក្នុងការជជែកគ្នាតាមទូរស័ព្ទជាមួយសមភាគីអូម៉ង់ថា ចិនសង្ឃឹមថា រដ្ឋឈូងសមុទ្រនឹងពង្រឹងការរួបរួមគ្នា និងអភិវឌ្ឍមិត្តភាពក្នុងនាមជាអ្នកជិតខាង ដើម្បីធ្វើឲ្យអនាគត និងជោគវាសនារបស់ពួកគេ ស្ថិតក្នុងកណ្តាប់ដៃរបស់ពួកគេ ។
ការវាយប្រហាររបស់យោធាសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅទូទាំងប្រទេសអ៊ីរ៉ង់ បានរុញច្រានតំបន់មជ្ឈិមបូព៌ា ធ្លាក់ក្នុងជម្លោះថ្មីមិនអាចព្យាករបាន ក្នុងនោះអ៊ីរ៉ង់ បានវាយប្រហារសងសឹកវិញលើអ៊ីស្រាអែល និងបណ្តាប្រទេសឈូងសមុទ្រអារ៉ាប់នៅក្បែរៗនោះ ៕
