ចិននិយាយនៅថ្ងៃអង្គារនេះថា ខ្លួននឹងចាត់វិធានការចាំបាច់ ដើម្បីធានាដល់សន្តិសុខថាមពលផ្ទាល់ខ្លួន ពេលសួរពីផលប៉ះពាល់ដ៏មានសក្តានុពលនៃសកម្មភាពយោធាសហរដ្ឋអាមេរិកនៅវេណេស៊ុយអេឡា និងអ៊ីរ៉ង់ លើការផ្គត់ផ្គង់ប្រេងរបស់ចិន ។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning និយាយអំឡុងសន្និសីទសារព័ត៌មានថា សន្តិសុខថាមពល ភ្ជាប់ជាមួយសារៈសំខាន់ដ៏អស្ចារ្យចំពោះសេដ្ឋកិច្ចពិភពលោក ហើយភាគីទាំងអស់ គួរតែធានាការផ្គត់ផ្គង់ថាមពលដោយរលូន និងប្រកបដោយស្ថិរភាព ។

អ្នកស្រី Mao បន្តថា ចិនជំទាស់ដាច់ណាត់ចំពោះការប្រើប្រាស់កម្លាំង បំពានអធិបតេយ្យភាព និងសន្តិសុខប្រទេសដទៃ នៅក្នុងទំនាក់ទំនងអន្តរជាតិ ។
តម្លៃប្រេងបានកើនឡើងនៅថ្ងៃទី ៣ នាថ្ងៃអង្គារនេះ ស្របពេលជម្លោះសហរដ្ឋអាមេរិក-អ៊ីស្រាអែល រីកកាន់តែធំជាមួយអ៊ីរ៉ង់ ហើយនិងការគំរាមកំហែងដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ធ្វើឲ្យក្តីបារម្ភកើនឡើងចំពោះការបង្អាក់ការផ្គត់ផ្គង់ចេញពីតំបន់ផលិតប្រេងសំខាន់ៗនៅមជ្ឈិមបូព៌ា ។
នៅថ្ងៃធម្មតា នាវាដឹកប្រេងឆៅស្មើនឹង ១ភាគ ៥នៃតម្រូវការសកល បានធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងនោះនាវាដឹកប្រេង បានដឹកប្រេងម៉ាស៊ូត សាំង និងប្រេងផ្សេងទៀត ទៅកាន់ទីផ្សារសំខាន់របស់អាស៊ី រួមទាំងនៅចិន និងឥណ្ឌា ។ ច្រកសមុទ្រនេះដែរ ដែលរួមបញ្ជូលការផ្គត់ផ្គង់ពីកាតា និងអារ៉ាប់រួម ស្មើនឹងប្រហែល ២០ភាគរយនៃការផ្គត់ផ្គង់ឧស្ម័ន LNG សកល ៕
